(ភ្នំពេញ)៖ ថ្លែងនៅក្នុងឱកាសពិធីបិទវគ្គបណ្តុះបណ្តាលសារព័ត៌មានវគ្គទី២ នារសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហពន្ធ័ អ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានប្រកាសថា សហភាពសហព័ន្ធកំពុងរៀបចំការគូរប្លង់ ដើម្បីឈានទៅដល់ការគៀងគរ ថវិកាកសាងអាគារអចិន្ត្រៃយ៍មួយសម្រាប់ មហាគ្រួសារអ្នកសារព័ត៌មាន និងសម្រាប់ជាប្រយោជន៍ជាតិ។ អាគារអចិន្ត្រៃយ៍របស់សហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជានេះ នឹងត្រូវបានដាក់ជាសម្បត្តិសាធារណៈរបស់ជាតិ។

ក្នុងឱកាសនោះដែរ លោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រកាសគាំទ្ររាល់គំនិតផ្តួចផ្តើមនិងបេសកម្មការងាររបស់ សហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា ទាំងកម្មវិធីបណ្តុះបណ្តាល ការប្រឡងស្នាដៃអ្នកសារព័ត៌មាន ដើម្បីជាការលើកទឹកចិត្ត និងទទួលស្គាល់គំនិតល្អជាប្រយោជន៍របស់អ្នកសារព័ត៌មាន។

លោក ខៀវ កាញ្ញារីទ្ធ ក៏បានថ្លែងកោតសរសើរចំពោះតួនាទីសហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា ដែលបានធ្វើសកម្មភាព​ជាច្រើនដែលជាប្រយោជន៍មិនត្រឹមតែសម្រាប់អ្នកសារព័ត៌មាន វិស័យព័ត៌មាន គឺថែមទាំងបានចូលរួម​ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់គុណភាពការគិត និងការអភិវឌ្ឍន៍សង្គម និងកសាងប្រជាធិបតេយ្យ នៅកម្ពុជាឲ្យកាន់តែប្រសើរ។

លោក ខៀវ កាញ្ញារីទ្ធ ក៏បានថ្លែងក្រើនរំលឹកថា៖ ជំងឺតួឯក និងភាពអំណួត គឺជាចំណុចខ្សោយរបស់អ្នកសារព័ត៌មាន ដោយ លោករដ្ឋមន្ត្រី ពន្យល់ថា អ្នកសារព័ត៌មានមួយចំនួនធ្វើការតែឯង ដែលខ្វះការចូលរួម  ហើយធ្វើឲ្យមានកម្សោយ ទាំងទំនាក់ទំនង និងខ្លឹមសារ ដែលមិនអាចឆ្លើយតបនឹងការចង់បាននូវព័ត៌មានល្អ និងសំបូរបែបសម្រាប់សារធារណជន។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ សហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា នឹងមានអាយុ១ឆ្នាំគត់។ ក្នុងរយៈពេលនេះ សហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា បានកំពុងដើរតួនាទីយ៉ាងសកម្មក្នុងក្របខ័ណ្ឌ២យ៉ាងគឺ រួមចំណែកពង្រឹងសមត្ថភាពវិជ្ជាជីវៈអ្នកសារព័ត៌មាន និងពង្រឹងគុណភាពសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។

សហភាពសហពន្ធ័អ្នកសារព័ត៌មានកម្ពុជា ដឹកនាំដោយគណៈនាយក២០រូប ទីប្រឹក្សា៩រូប លេខាធិការដ្ឋាន និងមានសមាជិកជាង៨០០នាក់៕