​(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ កំពុងសម្របសម្រួលតាមមធ្យោបាយច្បាប់ ដើម្បីជួយដល់ពលរដ្ឋខ្មែរចំនួន៨នាក់ ដែល​អាជ្ញាធរថៃបានចាប់ និងឃុំខ្លួននៅពន្ធនាគារ​ខេត្តចាន់ថាក់បុរី និងត្រៀមបញ្ជូនពួកគេទៅតុលាការ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅថ្ងៃទី​២៥ ខែឧសភា ឆ្នាំ២០១៧ ស្ថានអគ្គកុងស៊ុល បានទាក់ទងសួរទៅអាជ្ញាធរខេត្ត​ និង​ពន្ធនាគារខេត្តចាន់ថាក់បុរី ហើយទទួលបានព័ត៌មានថា ពលរដ្ឋខ្មែរទាំង៨នាក់នោះ បានចូលទៅធ្វើការ​ជា​កម្មករ​បេះផ្លែឈើ នៅខេត្តចាន់ថាក់បុរី បានរយៈពេលប្រមាណ១ខែ​ មុនពេលត្រូវសមត្ថកិច្ចថៃ​ ចុះត្រួត​ពិនិត្យ​នៅទីកន្លែងធ្វើការ ហើយបានឃាត់ខ្លួនពួកគាត់ ពីបទពុំមានប័ណ្ណអនុញ្ញាតការងារ និងឃាត់ខ្លួនថៅកែថៃ។ លុះនៅថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០១៧ ក៏បានបញ្ជូនទៅប៉ុស្តិ៍នគរបាលមឿងចាន់ថាក់បុរី ដើម្បីកសាងសំណុំរឿង​បញ្ជូន​ទៅតុលាការ ហើយបច្ចុប្បន្នពលរដ្ឋទាំង៨នាក់ ​កំពុងត្រូវបានឃុំខ្លួន​បណ្តោះអាសន្ន នៅពន្ឋនាគារ​ខេត្ត​ចាន់ថាក់បុរី រីឯថៅកែបានតំកល់ប្រាក់ធានាខ្លួន ឲ្យស្ថិតនៅក្រៅឃុំ។

​លោកបន្ថែមថា ជាគោលការណ៍ តុលាការនឹងកាត់ក្តីពលរដ្ឋខ្មែរខាងលើ មិនឲ្យ​លើស​ពីរយ:ពេល៤៨ថ្ងៃ គិតចាប់ពីថ្ងៃចាប់ខ្លួន ហើយសំណុំរឿងនេះ អាចនឹងត្រូវបើកសវនា​​នៅសប្តាហ៍ក្រោយ ហើយ​ចំពោះបទល្មើសនេះ តុលាការអាចនឹងផាកពិន័យ ជាប្រាក់​រួចដោះលែង ប៉ុន្តែបើពុំមានប្រាក់បង់​ថ្លៃ​ពិន័យ​ទេ ពលរដ្ឋខ្មែរទាំងនោះ នឹងត្រូវជាប់ពន្ធនាគារតាមចំនួនប្រាក់ ដែលតុលាការផាកពិន័យ​ (ជាប់ពន្ធនាគារ​មួយថ្ងៃកាត់ជាប្រាក់ស្មើនឹង​៥០០​បាត)។

សូមជម្រាបថា ​បច្ចុប្បន្ន ស្ថានអគ្គកុងស៊ុល កំពុង​ជម្រុញឲ្យអាជ្ញាធរពាក់ព័ន្ធថៃ​ ពន្លឿនដំណើការកាត់ក្តី​ឲ្យបាន​ឆាប់ និងរកមេធាវីស្ម័គ្រចិត្ត ជួយការពារក្តីជូនពលរដ្ឋខ្មែរទាំង៨នាក់ ផងដែរ៕​