(ភ្នំពេញ)៖ សាលាប៊ែលធីអន្តរជាតិ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រជូនដល់សិស្ស ភាសាអង់គ្លេសទូទៅ Level 6 ចំនួន ៨៣២នាក់ នៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិទី១ (សាខាទួលស្លែង) ក្រោមអធិបតីភាពរបស់ លោក លី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ និងលោកស្រី។

តាមរបាយការណ៍របស់ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធីគ្រុប និងជាប្រធានគណៈគ្រប់គ្រងសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា សាលាប៊ែលធីអន្តរជាតិ មានកម្មវិធីសិក្សាជាភាសាអង់គ្លេស ១២កម្រិត ដោយចែកចេញជាពីរកម្រិត៖ ១. Level 1-6 សម្រាប់កុមារ (Young Learners) និង ២. Level 7-12 សម្រាប់មនុស្សពេញវ័យ (Adult Learners)។
បច្ចុប្បន្ននេះសិស្សភាសាអង់គ្លេស Level 6 ដែលបានប្រឡងបញ្ចប់ទាំង ៤២ជំនាន់មានចំនួន ១០,៩៨៣នាក់ ។ សាលាប៊ែលធី អន្តរជាតិ បានបញ្ជូលកម្មវិធីសិក្សាបន្ថែមធំៗចំនួន ៧ សម្រាប់ថ្នាក់ចំណេះទូទៅ និងភាសាអង់គ្លេសទូទៅរួមមាន៖ ទី១. កម្មវិធីបង្កើនចំណេះដឹងទូទៅ (សិក្សាពីទស្សនទានព្រះពុទ្ធសាសនា ច្បាប់ចរាចរណ៍ផ្លូវគោក និងការយល់ដឹងពីគ្រឿងញៀន), ទី២. កម្មវិធីពង្រឹងស្មារតី (ការប្រកួតប្រជែងនិយាយជាសាធារណៈ ការប្រកួតប្រជែងនិយាយជាភាសាអង់គ្លេស និងវេទិកាជជែកពិភាក្សាជាសាធារណៈ), ទី៣. កម្មវិធីទស្សនកិច្ចសិក្សា (ព្រះប្ររមរាជវាំងសារមន្ទីរជាតិ និងតំបន់ទេសចរណ៍នានា), ទី៤.កម្មវិធីសិក្សាតាមទូរទស្សន៍ (សិក្សាពីចម្រៀងខ្មែរ-អង់គ្លេស រឿងនិទាន និងទស្សនៈវាគ្មិនល្បីៗ), ទី៥.កម្មវិធីប្រឡង សំណេរ ភាសាខ្មែរ, ទី៦.កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងទី៧. កម្មវិធីប្រកួតប្រជែងទេពកោសល្យ។

ក្នុងឱកាសនោះផងដែរ លោក លី ឆេង បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អ មានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គម រហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។ លោកបានមានប្រសាសន៍ថា សមិទ្ធផល និងការរីកដុះដាលរបស់ប៊ែលធីគ្រុប ពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារមានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់អាណាព្យាបាល សិស្សានុសិស្ស និស្សិតស្ថាប័ននានា ក្រសួងអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ផងដែរ។ លោកបានបន្ថែមទៀតថា បច្ចុប្បន្ននេះប៊ែលធីក៏មានសាកលវិទ្យាល័យប៊ែលធីអន្តរជាតិមួយ ដែលកំពុងបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត ហើយក៏នឹងផ្តល់អាហារូបករណ៍ ២០% ជូនដល់សិស្សប៊ែលធីថ្នាក់ទី១២ និង ESL, Level 12 ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ តាមកម្មវិធីជាភាសាជាតិ (National Program: បង្រៀនជាភាសាខ្មែរ រួមជាមួយភាសាអង់គ្លេស) និងផ្តល់អាហារូបករណ៍ ៥០% ជូនដល់សិស្សប៊ែលធីផងដែរ លើកម្មវិធីជាអន្តរជាតិ (International Program) ដែលមានស្រាប់ (បង្រៀនជាភាសាអង់គ្លេស)។

លោកក៏បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីបង្កើនចំណេះដឹងរបស់ខ្លួន ហើយនៅពេលបញ្ចប់ Level12 ផ្នែកភាសាអង់គ្លេស ត្រូវមានសមត្ថភាពគ្រប់គ្រាន់ទាំងការនិយាយ ការស្តាប់ ការអាន និងការសរសេរ ដើម្បីឈានទៅដល់ការប្រឡងតេស្តអន្តរជាតិ (TOEFL ឬ IELTS) ឲ្យបានពិន្ទុយ៉ាងតិច 6.5 ឡើងទៅ សម្រាប់ដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ដើម្បីក្លាយទៅជាអ្នកដឹកនាំល្អ និងជាទំពាំងស្នងឫស្សី ដ៏ល្អក្នុងការអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។ បន្ទាប់មកលោកប្រធានគណៈអធិបតី និងលោកស្រី ក៏បានចូលរួមអបអរសាទរ និងប្រគល់វិញ្ញាបនបត្រជូនដល់សិស្សជ័យលាភីទាំង ៨៣២នាក់ នាពេលនោះផងដែរ៕