(ភ្នំពេញ)៖ លោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា បានប្រកាសដំណឹងជាផ្លូវការ និង​សាធារណៈដល់សាសនិកឥស្លាមកម្ពុជា ទូទាំងប្រទេស ដើម្បីចាប់ផ្តើមពិធីបួសរ៉ាម៉ាឌន នៅថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី០១ ខែរ៉ាម៉ាឌន ឆ្នាំ១៤៣៨ មស ហើយក៏ស្របនឹងថ្ងៃចាប់ផ្តើមបួសនៃអ្នកកាន់សាសនាឥស្លាមលើសកលលោក។

ខែរ៉ាម៉ាឌន ជាខែបុណ្យដ៏វិសេសជាងគេ របស់សាសនិកឥស្លាមទូទាំងសកលលោក ចំពោះអ្នកដែលពេញវ័យ ត្រូវអនុវត្តការបួស តមអាហារ និងតម ការទទួលទានអ្វីទាំងអស់ ប្រមាណ១៤ម៉ោងក្នុង១ថ្ងៃ ដែលចាប់ផ្តើមពីវេលាទាបភ្លឺ ដល់ថ្ងៃលិច។ ក្នុងសាសនាឥស្លាម បួសគឺជាការដាក់ខ្លួនឲ្យស្មើភាព របស់មនុស្សគ្រប់ស្រទាប់វណ្ណៈ ទោះក្នុងឋានៈណា ក៏ត្រូវតែទទួលនូវភាពហេវហត់ អត់ឃ្លាន ពេលថ្ងៃ​រយៈពេលមួយខែពេញ ដូចជាអ្នកក្រក្សត់ដទៃទៀត។

​​កាលណាគាត់ដឹងពីទុក្ខលំបាក នៃការអត់អាហារ គឺគាត់ដឹងពីទុក្ខធុរៈ អ្នកដទៃដែលរស់នៅក្នុងភាពខ្វះខាត ហើយក៏ជាឱកាសនៃការ បរិច្ចាគរបស់គាត់ ទៅជនក្រីក្រច្រើន ជាងឱកាសផ្សេងៗទាំងអស់។ បួសមិនមែនតែការតមអាហារប៉ុណ្ណោះទេ តែជាការតមនូវការ និយាយស្តីអាក្រក់ ការបៀតបៀន រលោភ លើសិទិ្ធសេរីភាព និងកិត្តិយសអ្នកដទៃ ក៏ដូចជា ការប្រព្រឹត្តិនូវបទល្មើសទាំងឡាយទោះតូច ឬធំផងដែរ។ បួសក៏ជាការដាក់ឲ្យមានតុល្យភាពរបរបអាហារ តាមពេលវេលាជាក់លាក់ ជាពិសេសការចាត់ឲ្យ ប្រព័ន្ធរំលាយអាហារ ធ្វើការសម្អាត ការរំលាយ និងច្រោះចេញនូវកាកសំណល់ជាតិពុលទាំងឡាយ ដែលនៅសេសសល់។

គួរបញ្ជាក់ផងដែរថា នៅរៀងរាល់ឆ្នាំ នៃខែបុណ្យបួសរ៉ាម៉ាឌន តាំងពីឆ្នាំ២០១៤​មក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែបានរៀបចំ និងអញ្ជើញទទួលទានអាហារស្រាយបួស ជាមួយថ្នាក់ដឹកនាំ និង​បងប្អូនខ្មែរឥស្លាម​។

​លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការរៀបចំពិធីអាហារស្រាយបួស បានឲ្យដឹងថា សម្រាប់ពិធីទទួលទានអាហារស្រាយបួសក្នុងឆ្នាំ​២០១៧​នេះ សម្តេចតេជោ ហ៊ុន សែន និ ​សម្តេចកិត្តិព្រឹទ្ឋវណ្ឌិត បានសម្រេចអនុញ្ញាតឲ្យ រៀបចំនៅថៃ្ងទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌកោះពេជ្រ ហើយសម្តេចទាំងទ្វេ ក៏នឹងអញ្ជើញចូលរួមក្នុងពិធីនេះដែរ ដែលតាម ការគ្រោងនៅមិនទាន់ផ្លូវការ អាច នឹងមានការចូលរួមពីសាសនិកឥស្លាមជាតិ និង​អន្តរជាតិ សរុប​ចន្លោះពី៥,០០០នាក់ ទៅ៦,០០០នាក់៕