(ព្រះវិហារ)៖ ថ្លែងទៅកាន់សមាជិក និងសកម្មជនគាំទ្រគណបក្សប្រជាជនកម្ពុជា ស្រុកគូលែន ខេត្តព្រះវិហារ នៅព្រឹថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះ លោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា ជាអ្នកសង្រ្គោះជាតិ សង្រ្គោះប្រជាពលរដ្ឋពិតប្រាកដ​មិនតែប៉ុណ្ណោះ សង្រ្គោះទាំងអ្នកជេរគណបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះផងដែរ»

ការថ្លែងរបស់លោក មាស សុភា បែបនេះ​ក្នុងឱកាសដែលលោក រួមជាមួយលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្ត ចុះជួបសំណេះសំណាល ជាមួយសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជននៅភូមិគែនជើង ឃុំគូលែនជើង ស្រុកគូលែន។

លោក មាស សុភា បានលើកឡើងបែបឆ្ងល់ថា «ស្របពេលប្រទេសជាតិមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិសយ័ មានសុខសន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បែរជាគណបក្សប្រឆាំងគេអួតថា គេសង្គ្រោះជាតិ ហើយសង្គ្រោះអី បើប្រទេសមានសុខសន្តិភាព ហើយហ្នឹង»

លោកបានសង្កត់ធ្ងន់ថា អ្នកដែលសង្រ្គោះប្រទេសជាតិ និងសង្រ្គោះប្រជាពលរដ្ឋពិតប្រាកដ គឺគណបក្សប្រជាជនកម្ពុជា មិនតែប៉ុណ្ណោះ គឺសង្រ្គោះទាំងអ្នកជេរគណបក្សប្រជាជនសព្វថ្ងៃនេះផងដែរ ហើយរបប៣ឆ្នាំ៨ខែ២០ថ្ងៃ ក្រោមការដឹកនាំរបស់ខ្មែរក្រហម ប៉ុល ពត ប្រទេសជាតិបានធ្លាក់ដល់កំរិតសូន្យ ប្រជាពលរដ្ឋត្រូវបានកាប់សម្លាប់ និងបំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង បើកុំតែគណបក្សប្រជាជនកម្ពុជា បា​នរំដោះរួចនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ មិនដឹងប្រទេស និងប្រជាពលរដ្ឋ​ ត្រូវរងទុក្ខបែបណានោះទេ ដូច្នេះគណបក្សប្រជាជនកម្ពុជា ជាអ្នកសង្រ្គោះជាតិ និងប្រជាពលរដ្ឋពិតប្រាកដដែលមិនអាចប្រកែកបាន។

បន្ថែមពីនេះ លោក មាស សុភា បញ្ជាក់ថា មកដល់រដូវឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នេះ គណបក្សប្រឆាំងតែងធ្វើការឃោសនា ញុះញង់ និងសន្យាបោកប្រាស់បែបប្រជាភិថុត ធ្វើយ៉ាងណាដើម្បីបានការគាំទ្រពីប្រជាពលរដ្ឋ ដែលករណី​នេះ លោកស្នើឲ្យសមាជិក​ទាំងអស់កុំជឿឲ្យសោះ ហើយលោកថាគណបក្សប្រឆាំងចូលចិត្តស៊ីឡាក និយាយរួមយកស្នាដៃ និងសមិទ្ធិផលរបស់គណបក្សប្រជាជនកម្ពុជា ទៅបោកប្រាស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានជម្រុញឲ្យប្រធានក្រុមបក្សទាំងអស់ ត្រូវយកចិត្តទុកចំពោះសមាជិកបក្ស និងត្រូវចុះតាមខ្នងផ្ទះ បង្រៀនប្រជាពលរដ្ឋឲ្យចេះគូសសន្លឹកឆ្នោត និងត្រូវរៀបចំមធ្យោបាយសម្រាប់ដឹកជញ្ជូនសមាជិកបក្ស ឲ្យបានទៅបោះឆ្នោតគ្រប់គ្នា និយាយរួមត្រូវប្រែក្លាយពីការគាំទ្របក្ស ទៅជាបោះឆ្នោតជូនគណបក្សប្រជាជាជនមួយសន្លឹក ហើយការបោះឆ្នោតជូនគណបក្សប្រជាជន គឺជួយខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជន គឺនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៏៕