(ប៉ៃលិន)៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាក្នុងគ្រួសារ ដោយវាយប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះ។ មូលហេតុដែលនាំឲ្យបុរសជាប្តីវាយប្រពន្ធរហូតបែកភ្នែក មើលស្ទើមិនយល់បែបនេះ ដោយសារតែប្រច័ណ្ឌប្រពន្ធ ពេលទៅធ្វើការនៅក្នុងខារ៉ាអូខេ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍អំពើហិង្សានេះ កើតឡើង​​ម៉ោង​០៣​ទៀប​ភ្លឺ​ឈាន​ចូល ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ បើតាមនគរបាល អំពើហិង្សានេះ កើតឡើងដោយសារតែភ្លើងប្រច័ណ្ឌរបស់ជនដៃដល់ជាប្ដី។

បច្ចុប្បន្នជនសង្ស័យជាប្តីឃុំខ្លួននៅស្នងការខេត្តប៉ៃលិន រង់ចាំកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចំណែកស្ត្រីរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត​៕