(ឧត្តរមានជ័យ)៖ រថយន្តធុនធំ១គ្រឿងម៉ាក FUSO ដឹកផ្លែល្ពៅបានក្រឡាប់ផ្ងារជើង បណ្ដាលឲ្យកម្មករចំនួន៣នាក់ រងរបួសធ្ងន់ និងចំនួន៨នាក់ទៀត រងរបួសស្រាល ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ខេត្តឧត្តរមានជ័យ។  

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ នៅលើស្ពានកណ្តែក ដែលស្ថិតនៅលើ ផ្លូវជាតិលេខ ៦៨ ភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តធុនធំដឹកផ្លែល្ពៅម៉ាក FUSO ដែលបានបង្កគ្រោះថ្នាក់ដោយខ្លួនឯងខាងលើ ពាក់ផ្លាកលេខកំពង់ចាម 3A-0892 ចំណែកអត្តសញ្ញាណជនរងគ្រោះ និងតៃកុងរថយន្តពុំទទួលបានឡើយ រីឯផ្លែល្ពៅត្រូវបានកម្លាំងសមត្ថកិច្ចប្រមូលឲ្យម្ចាស់វិញ។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា ករណីគ្រោះចរាចរណ៍ខាងលើនេះ គឺសង្ស័យតៃកុងរថយន្តងងុយដេក ហើយដល់ចំណុចផ្លូវកោង និងមានស្ពានខាងមុខ ទើបបង្កក្រឡាបផ្ងារជើងតែម្តង៕