(កណ្ដាល)៖ រថយន្តសេរីទំនើបម៉ាក Lexus 570 ស៊េរីឆ្នាំ២០១៧ មួយគ្រឿង ត្រូវបានរថយន្តធន់ធំម៉ាក FUZO ប្រភេទបែន បុកពីក្រោយពេញទំហឹង ខណៈដែលរថយន្ត ទាំង២គ្រឿងធ្វើដំណើរ ក្នុងទិសដៅស្របទិសគ្នា ដោយសារតែអ្នកបើកបររថយន្តធន់ធំ ខ្វះការប្រុងប្រយ័ត្ន និងផ្ទុកសារធាតុញៀន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅចំណុច ផ្លូវលំភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល នៅម៉ោងវេលាម៉ោង៨៖៤៥នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តបង្ក ឈ្មោះ អឿន លាប ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បានបុកចំពីក្រោយរថយន្តម៉ាក Lexus 570 ស៊េរី២០១៧ ពណ៌ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ អូន សុខុម ភេទប្រុស អាយុ៣៧ឆ្នាំ។ អ្នកបើកបរថយន្ត FUZO ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបំភ្លឺ។

តាមចម្លើយរបស់ឈ្មោះ អឿន លាប ជាអ្នកបើកបរ ឡាន FUZO បានប្រាប់ឲ្យដឹងថា រយៈពេលកន្លងមក ខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ទើបតែមួយសប្ដាហ៍ប៉ុណ្ណោះ ដែលមិនបានប្រើប្រាស់ ហើយសម្ថកិច្ចបានធ្វើតេស្ដទឹកនោម លទ្ធផលតៃកុងឡាន FUZO ពិតជាមានសារធាតុញៀននៅក្នុងខ្លួន ពិតប្រាកដមែន ។

សមត្ថកិច្ចបញ្ជាក់ទៀតថា ករណីគ្រោះថ្នាក់នេះបណ្តាលមកពីអ្នកបើកបររថយន្តធុនធំ បើកក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ហើយផ្ទុកដោយសារធាតុញៀន៕