(កំពង់ធំ)៖ លោក ថោន ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ បានផ្ដួចផ្ដើមប្រារព្ធពិធីបុណ្យ ផ្ការស្មីសាមគ្គី ដើម្បីប្រមែប្រមូល បច្ច័យកសាង សមិទ្ធផល ក្នុងវត្តមុនីរតនារាម ហៅវត្តទ្រៀល ស្ថិតនៅក្នុងភូមិទ្រៀល ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នៅក្នុងពិធីនេះ មានការចូលរួមពីលោកស្រី ញឹក ស៊ីម រួមជាមួយមន្ដ្រីក្រសួងទេសចរណ៍ជាច្រើននាក់ និងពុទ្ធបរិស័ទចំណុះជើងវត្ត តាជីយាយជី និងសិស្សានុសិស្សប្រមាណ ៥៥០នាក់។

ពិធីបុណ្យផ្ការស្មីសាមគ្គីនេះ ប្រមូលបានបច្ច័យជាង ២៣លាន ៥សែនរៀល ដើម្បីចូលរួមកសាងស្រះទឹក ដែលមានបណ្ដោយ ៣០ម៉ែត្រ ទទឹង ២៥ម៉ែត្រ និងជម្រៅ ៤ម៉ែត្រ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ដ្រី ក៏បានឧបត្ថម្ភពុទ្ធិកវិទ្យាល័យវត្តទ្រៀល ដែលព្រះចៅអធិការវត្តទ្រៀល បានស្នើឲ្យជួយឧបត្ថម្ភរួមមាន៖ ម៉ាស៊ីនកុំព្យូទ័រ ៣គ្រឿង និងថវិកាចំនួន ២លានរៀលផងដែរ៕