(បាត់ដំបង)៖ ថ្ងៃទី២ នៃយុទ្ធនាការឃោសនា រកសំឡេងឆ្នោត នៅព្រឹកថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០១៧នេះ លោក ជាម ច័ន្ទ សោភ័ណ សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស ប្រជាជនកម្ពុជា ប្រធានយុវជនបក្សខេត្ត ជាប្រធានក្រុមការងារ CPP ចុះជួយសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង បានដឹកក្បួនដង្ហែឃោសនារកសម្លេងឆ្នោត នៅសង្កាត់ព្រែកព្រះស្តេច ដោយមានការចូលរួមពីសមាជិក សមាជិកាបក្ស ប្រមាណជាង១ពាន់នាក់។

ក្នុងពិធីបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតនេះ លោក ជាម ច័ន្ទសោភ័ណ បានអះអាងថា «បើគ្មានថ្ងៃរំដោះ៧ មករា ១៩៧៩ទេ យើងទាំងអស់គ្នា ក៏គ្មានអ្វីៗ ដល់សព្វថ្ងៃនេះដែរ ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានតស៊ូសង្រ្គោះប្រទេសជាតិ ឲ្យរស់រានមានជីវិត ផុតពីរបបកាប់សម្លាប់ជាតិឯងពិតប្រាកដ»

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា លោកនិងក្រុមការងារ ព្រមទាំងអ្នកគាំទ្របានសង្ឃឹមទុកថា គណបក្សប្រជាជនកម្ពុជានៅតែ ឈ្នះឆ្នោតជានិច្ច ព្រោះទាំងថ្នាក់ដឹកនាំកំពូល រហូតដល់ ថ្នាក់ក្រោម សុទ្ធតែមានវិន័យល្អ សមត្ថភាពធនធានមនុស្សមានគោល នយោបាយដឹកនាំច្បាស់លាស់ ហើយថ្នាក់ក្រោមបាននៅកៀកកិត ជិតជាមួយប្រជាពលរដ្ឋមូលដ្ឋាន ដោយបានជួយដោះស្រាយ នូវកង្វល់របស់ពួកគាត់បានគ្រប់បែបយ៉ាងឲ្យទាន់ពេលវេលា។

លោកថា ថ្នាក់ដឹកនាំ CPP មានទម្លាប់មួយដ៏ល្អ ដែលមិនអាចបំភ្លេចបានគឺ បានធ្វើសកម្មភាពជាប្រចាំ នៅតាមមូលដ្ឋានដោយបានបម្រើ ជួយកសាងសមិទ្ធិផលជាច្រើន លើគ្រប់វិស័យជូនប្រជាពលរដ្ឋសម្រាប់ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមការស្នើសុំរបស់ពួកគាត់ តាមរយៈប្រធានក្រុមការងារចុះជួយសង្កាត់។ មិនតែប៉ុណ្ណោះបានជួយជា អំណោយមនុស្សធម៌ ដល់ចាស់ជរា ក្មេងកំព្រា អ្នកមានជម្ងឺ អ្នកទើបសម្រាលកូនរួច និងគ្រួសារអ្នកមរណៈ ដោយមិនប្រកាន់និន្នាការអ្វីឡើយ។

បន្ទាប់ពីការជួបជុំ សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនរួចរាល់ ត្រូវបានបែងចែកចុះ ទៅភូមិនានា ដើម្បីធ្វើយុទ្ធនាការឃោសនា រក​សំឡេងឆ្នោត ពីប្រជាពលរដ្ឋ សមាជិកបក្សបានចូលរួមទាំង១០ភូមិ ក្នុងឃុំមានគ្នាជាង១ពាន់នាក់ បានដង្ហែរក្បួនឃោសនាក្នុងដែនដីរបស់ខ្លួន។

នៅក្នុងពិធីដង្ហែរក្បួនឃោសនានេះ សមាជិកទាំងអស់បានស្រែកជ័យឃោស តាមភូមិនានាក្នុងសង្កាត់ ព្រមទាំងប្តេជ្ញាចិត្តថា ពួកគាត់និងប្រជាពលរដ្ឋ បាននាំគ្នាគាំទ្រ ទៅបោះឆ្នោត ជូនCPP ឃុំនាពេលខាងមុខនេះ ដើម្បីបន្តដឹកនាំបម្រើបក្សឲ្យកាន់តែល្អ ថែមទៀត ព្រោះគណបក្សCPP តែងតែទុកប្រជាពលរដ្ឋជាធំ តាមបម្រើ តាមជួយគាត់ជានិច្ច៕