(ព្រះវិហារ)៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រធានក្រុមបក្ស និងអ្នកគាំទ្រជាច្រើនទៀត នៅស្រុកឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានលើកឡើងថា គ្មានគណបក្សនយោបាយណា មានសិទ្ធិចែកដីធ្លី ជូនប្រជាពលរដ្ឋ ក្រៅពីអាជ្ញាធរ សមត្ថកិច្ចរបស់រាជរដ្ឋាភិបាលនោះទេ ការឃោសនា បែបនេះ សូមបងប្អូនប្រជាពលរដ្ឋកុំជឿ។

លោក អ៊ុន ចាន់ដា លើកឡើងបែបនេះ ស្របពេលនឹងយុទ្ធនាការឃោសនា បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ មានគណបក្សខ្លះដើរខ្សឹប ប្រជាជលរដ្ឋថា បើបោះឆ្នោតឲ្យគណបក្សខ្លួន ខ្លួននិងចែកដីធ្លីឲ្យ។

លោក អ៊ុន ចាន់ដា បានគួសបញ្ជាក់យ៉ាងច្បាស់ថា គ្មានគណបក្សនយោបាយណា មានសិទ្ធិចែកដីធ្លីជូនប្រជាពលរដ្ឋនោះទេអ្នកដែល មានសិទ្ធិបែងចែកដីធ្លីជូនប្រជាពលរដ្ឋ មានតែអាជ្ញាធរសមត្ថកិច្ច របស់រាជរដ្ឋាភិបាលប៉ុណ្ណោះ ដោយធ្វើលិខិតតាមរយៈភូមិ ឃុំ ហើយការផ្តល់ដី ជូនប្រជាពលរដ្ឋដែលខ្វះខាតនេះ គឺមិនគិតពីនិន្នាការគណបក្សនយោបាយឡើយ។

លោកបន្តថា ដូច្នេះគណបក្សផ្សេង ដែលដើរខ្សឹបប្រជាពលរដ្ឋ ឲ្យបោះឆ្នោតឲ្យខ្លួនជាថ្នូរ និងការបែងចែកដីធ្លីឲ្យ សូមបងប្អូនប្រជាពលរដ្ឋ កុំជឿឲ្យសោះ ហើយសូមផ្តាំទៅប្រធានក្រុមបក្ស ឲ្យធ្វើការតាមដានករណីនេះ ឲ្យបានច្បាស់ ដើម្បីប្តឹងទៅគណៈកម្មការជាតិរៀបចំ ការបោះឆ្នោត ឬប្តឹងទៅសមត្ថកិច្ចឲ្យចាត់ការជាបន្ទាន់។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា ជាអ្នកដឹកនាំប្រទេសផង ប៉ុន្តែគណបក្សប្រជាជនកម្ពុជាមិនដែល សន្យាថា បើបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា គណបក្សនឹងចែកដីធ្លីឲ្យនោះទេ តែបក្សផ្សេងមិនទាន់ឈ្នះផង បែរជាដើរខ្សឹប ប្រជាពលរដ្ឋថា បោះឆ្នោតឲ្យខ្លួន ខ្លួននឹងចែកដីឲ្យ។

បន្ថែមលើសពីនេះ លោក អ៊ុន ចាន់ដា បានប្រាប់ឲ្យប្រធានក្រុមបក្ស និងសកម្មជនផ្សេងទៀត ត្រូវធ្វើការតាមដានឲ្យមែនទែន នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃ «ស» ថ្ងៃហាមឃាត់ ក្នុងការឃោសនា តែមានគណបក្សផ្សេងតែងតែយកថ្ងៃនេះ នៅយប់ឡើងដើរខ្សឹប ប្រជាពលរដ្ឋ ញុះញង់ឲ្យបោះឆ្នោតឲ្យគណបក្សខ្លួន។

បន្ទាប់ពីចប់ ពិធីសំណេះសំណាល ជាមួយប្រធានក្រុមបក្សនៅឃុំម្លូរព្រៃពីរ រួចមកលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ រួមនិងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យការជួសជុលផ្លូវក្រាលគ្រួសក្រហមមួយខ្សែ នៅក្រោយសាលាក្រុងព្រះវិហារ ជាបន្តនិងបានសំណេះសំណាលតាមខ្នងផ្ទះ ជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្និតស្នាល។

ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា ក៏ បានជំរុញឲ្យប្រធានក្រុមបក្សសកម្មជន គណបក្សប្រជាជនកម្ពុជានៅខេត្តព្រះវិហារ ទាំងអស់ ត្រូវណែនាំសមាជិកបក្ស ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក អ៊ុន ចាន់ដា ថ្លែងជំរុញបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រធានក្រុមបក្ស និងអ្នកគាំទ្រជាច្រើនទៀត នៅស្រុកឆែប នាព្រឹកថ្ងៃនេះ។

លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះ «យើងបានចុះឈ្មោះបោះឆ្នោតរួចហើយ តែថ្ងៃបោះឆ្នោតយើងមិនបានទៅបោះឆ្នោតតើមានន័យអ្វី។ ដូច្នេះប្រធានក្រុមបក្សទាំង សូមណែនាំគ្នាឲ្យទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ពិសេសត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យឃុំ សង្កាត់ របស់យើងមានការអភិវឌ្ឍន៍រីកចំរើនបន្តទៅទៀត»

លោក អ៊ុន ចាន់ដា ក៏បានណែនាំឲ្យប្រធានក្រុមបក្សទាំងអស់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឲ្យជឿតាមការញុះញង់ បោកប្រាស់របស់ គណបក្សផ្សេង៕