(កំពង់ស្ពឺ)៖ ទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានដឹកនាំយុទ្ធនាការឃោសនា ស្វែងរកសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជានៅ ឃុំស្វាយរំពារ និងឃុំស្វាយចចិប ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងថ្ងៃដំបូងនៃយុទ្ធនាការ បន្ទាប់ពីពិធីសូត្រមន្តបង្សុកូល រំលឹកវិញ្ញាណក្ខន្ធ ប្រជាជនដែលបានស្លាប់ក្នុងរបប ប៉ុល ពត រួចមក អង្គពិធីបានអានសារសម្តេចតេជោ ហ៊ុន សែន ផ្ញើជូនជនរួមជាតិ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់។

ថ្លែងទៅកាន់សកម្មជនគណបក្ស ទេសរដ្ឋមន្រ្តី អៀង មូលី បានលើកឡើងថា ការបោះឆ្នោតនេះមានសារសំខាន់ណាស់ ដូច្នេះយើងត្រូវ៖
១៖ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសន្តិភាព។
២៖ ប្រមូលកម្លាំងសមាជិកកុំឱ្យខ្វះម្នាក់ និង ប្រមូលបងប្អូនក្រុមគ្រួសារទៅ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
៣៖ ជួបសមាជិកគណបក្ស និងប្រជាពលរដ្ឋឱ្យបានច្រើន ព្រមទាំងប្រមូលកម្លាំងគាំទ្រឱ្យបានច្រើន។

លោកទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់សមាជិកសមាជិកា គណបក្សឱ្យប្រែក្លាយ ពីសមាជិកភាពមួយនាក់ ឱ្យទៅជាសន្លឹកឆ្នោត មួយសន្លឹកយ៉ាងតិច។ បន្ទាប់មកមានការដង្ហែក្បួនឃោសនាតាមភូមិ ជួបសមាជិកសមាជិកាបក្សតាមភូមិ និងសួរសុខទុក្ខប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងការចង់បាននៅមូលដ្ឋាន៕