(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានបញ្ជាឲ្យប្រជាការពារភូមិទាំង៩ ក្នុងឃុំគោកស្រុក ខេត្តត្បូងឃ្មុំ ត្រូវយកចិត្តទុកដាក់ពង្រឹងការងារ សន្តិសុខក្នុងមូលដ្ឋាន ដើម្បីផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងពេលចុះជួបសំណេះសំណាលជាមួយប្រជាការពារទាំង ៩ភូមិ ក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ បានថ្លែងថា «កាលណាពលរដ្ឋមានសុខសុវត្តិភាពហើយ ការអភិវឌ្ឍន៍តាមមូលដ្ឋាននឹងកើតមាន ហើយប្រទេសជាតិក៏អាចមាន ភាពរីកចម្រើន លើគ្រប់វិស័យផងដែរ ដែលស្របទៅតាមការដាក់ចេញនូវគោលនយោបាយ ភូមិ/ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល កម្ពុជា»។

លោកមេបញ្ជាការបន្តថា ភារកិច្ចថែរក្សាសុវត្តិភាពជូនពលរដ្ឋនេះ គឺធ្វើឡើងដោយមិនប្រកាន់ពណ៍សម្បុរ សាសនា ឬនិន្នាការនយោបាយ ឡើយ។ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ក៏បានឧបត្ថម្ភជូនប្រជាការពារទាំង ៩ភូមិ នូវវិទ្យុទាក់ទងចំនួន១០គ្រឿង សម្រាប់បម្រើឲ្យការងារ ទំនាក់ទំនងក្នុងកិច្ចការពារសន្តិសុខក្នុងមូលដ្ឋានផងដែរ៕