(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧នេះ បានជំរុញឲ្យប្រធានក្រុមបក្សសកម្មជន គណបក្សប្រជាជនកម្ពុជានៅខេត្តព្រះវិហារ ទាំងអស់ ត្រូវណែនាំសមាជិកបក្ស ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

លោក អ៊ុន ចាន់ដា ថ្លែងជំរុញបែបនេះក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយប្រធានក្រុមបក្ស និងអ្នកគាំទ្រជាច្រើនទៀត នៅស្រុកឆែប។

លោក អ៊ុន ចាន់ដា បានថ្លែងដូច្នេះ «យើងបានចុះឈ្មោះបោះឆ្នោតរួចហើយ តែថ្ងៃបោះឆ្នោតយើងមិនបានទៅបោះឆ្នោតតើមានន័យអ្វី។ ដូច្នេះប្រធានក្រុមបក្សទាំង សូមណែនាំគ្នាឲ្យទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ពិសេសត្រូវបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យឃុំ សង្កាត់ របស់យើងមានការអភិវឌ្ឍន៍រីកចំរើនបន្តទៅទៀត»។

លោក អ៊ុន ចាន់ដា ក៏បានណែនាំឲ្យប្រធានក្រុមបក្សទាំងអស់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឲ្យជឿតាមការញុះញង់ បោកប្រាស់របស់ គណបក្សផ្សេង៕