(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសលើ Facebook របស់​សម្ដេចដែលមានមនុស្សជាង៧លាននាក់ថា «​បក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ! ចូលរួមដង្ហែរបក្សយើងទាំងអស់គ្នា!»

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យសមាជិក​ សមាជិការគណបក្ស រួមទាំងបងប្អូនដែលស្រឡាញ់សន្តិភាព និងការ​រីកចម្រើន សូមចូលរួមដង្ហែរបក្សប្រជាជនកម្ពុជាយើងឲ្យ បានច្រើនកុះករទាំងអស់គ្នា! ទាំងនៅក្នុង រាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកម្ពុជា! បក្សយើងឈ្នះ គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ!។

បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា «យើងបោះឆ្នោតឲ្យ (គណបក្សប្រជាជនកម្ពុជា) ព្រោះបក្សយើងបានកសាងប្រទេសជាតិឲ្យរីក​ចម្រើនពិតៗ គឺយើងឃើញនឹងភ្នែកទាំងអស់គ្នា។ មិនមែនគ្រាន់តែសន្យាកោកៗតាមមីក្រូទេ! បើគ្រាន់​តែសន្យាខ្យល់ (មិនច្បាស់ មិនពិត) គឺយើងមិនអាចជឿទុកចិត្តបានឡើយ! ស្អែកនេះ យើងចូលរួមដង្ហែបក្សយើង ដើម្បីទទួលជ័យជំនះនៅថ្ងៃបោះឆ្នោតខាងមុខនេះជាបន្តទៀត!»

សូមជម្រាបថា ថ្ងៃនេះជាយុទ្ធនាការឃោសនាបោះឆ្នោតដំបូង គេសង្កេតឃើញថា ថ្នាក់ដឹកនាំ ក៏ដូចសមាជិករបស់​គណបក្សប្រជាជនកម្ពុជា ហាក់បីដូចជាសស្រាក់សស្រាំ ជាមួយនឹងការធ្វើយុទ្ធនាការនេះណាស់៕