(បាងកក)៖ ក្រុមបាល់ទាត់អាជីព Muangthong United បន្តឈរនៅកំពូលតារាងលីគកំពូលថៃ Thai Premier League ទេាះរបូត៣ពិន្ទុក្នុងទឹកដី ក្រោយចាញ់ក្រុមភ្ញៀវ Ubon United FC ដោយលទ្ធបច្ចេកទេស ៣-២ ក៏ដោយ។

ការប្រកួតដែលទើបបញ្ចប់នៅម៉ោង ៩៖០០នាទី នាយប់ថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋាន SCG Stadium ប្រចាំសប្តាហ៍ទី១៦ ជើងទី២ រដូវកាលឆ្នាំ២០១៧ Muangthong បានភ្លាត់ស្នៀតរបូត១គ្រាប់មុន ត្រឹមចាប់ផ្តើមលេងបាន ៤នាទីក្នុងវគ្គទី១ រយៈពេល៤៥នាទី។

តែយ៉ាងណាក៏ដោយ Muangthong បានធ្វើការវាយបកតាមស្មើ ១-១ នៅពេលចាប់លេងវគ្គទី២ បាន១៤នាទី ដែលធ្វើអ្នកគាំទ្រ ទស្សនាផ្ទាល់ប្រមាណជិត ២០០០០នាក់ សប្បាយមិនបានប៉ុន្មានផង ក៏ត្រូវបាន Ubon បន្ថែម២គ្រាប់វិញនៅនាទីទី៦២ និងនាទីទី៧១ មុនពេល Muangthong រកបានគ្រាប់ទី២ នៅនាទីទី៩០ បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។

ការបាត់បង់៣ពិន្ទុក្នុងទឹកដីនេះដែរ មិនបានធ្វើអោយ Muangthong United បាត់បង់តំណែងកំពូលតារាងឡើយ ដោយមាន៣៤ពិន្ទុ នាំមុខក្រុមលេខ២ Buriran United ១ពិន្ទុដដែល និងក្រុម Ubon United FC ឡើងមកឈរនៅលេខ៧បណ្តោះអាសន្ន ដោយមាន ២៤ពិន្ទ៕