(តាកែវ)៖ លោក ពេជ សោភ័ន សហប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានដាស់តឿនដល់ ប្រជាពលរដ្ឋថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ គឺជាបោះឆ្នោតរវាងសន្តិភាព និងសង្គ្រាម ដូច្នេះពលរដ្ឋត្រូវសម្រេចចិត្តឲ្យបានច្បាស់។

លោក ពេជ សោភ័ន ថ្លែងដូច្នេះក្នុងឱកាសជួបជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា រាប់ពាន់នាក់ ក្នុងឃុំចារ ឃុំពោធិ៍រំចាក ឃុំចំប៉ា និងឃុំកំពែង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃបើកឆាកដំបូង។

លោកថ្លែងយ៉ាងដូច្នេះថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាការបោះឆ្នោតរវាងសន្តិភាព និងសង្គ្រាម ការអភិវឌ្ឍ និងវិនាសកម្ម ភាពរស់រានសម្បូរសប្បាយ និងសេចក្ដីស្លាប់»

លោកបានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព និងការអភិវឌ្ឍ។

សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាសរូបនេះ បន្តថា មិនមែនដូចគណបក្សប្រឆាំង ដែលបានលាបពណ៌ដល់រាជរដ្ឋាភិបាល និងបានញុះញង់ដល់សកម្មជនខ្លួន បង្កើតឲ្យមានចលាចលក្នុងសង្គម ហើយធាតុពិតនៃគណបក្សប្រឆាំងនេះ សូម្បីតែបង្គន់អនាម័យ១ ពុំធ្លាប់បានធ្វើជូនប្រជាជនផង៕