(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា យុទ្ធនាការរកសំឡេងឆ្នោតនៅថ្ងៃដំបូងនេះ មានភាពល្អប្រសើរច្រើនបើធៀបនឹងការឃោសនារកសំឡេងឆ្នោតនៅអាណត្តិមុនៗ ព្រោះមិនមានការប៉ះទង្គិច ឬហិង្សាណាមួយកើតឡើងនោះឡើយ។

លោក ហង្ស ពុទ្ធា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះថា នៅថ្ងៃទីដំបូងនេះ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលធ្វើយុទ្ធនាការដង្ហែក្បួនទ្រង់ទ្រាយធំ ខណៈដែលគណបក្សនយោបាយដទៃបានត្រឹមធ្វើការប្រមូលផ្តុំ និងដង្ហែទ្រង់ទាយតូចនៅតាមឃុំនានា។

«ជាការកត់សម្គាល់យើងមើលឃើញថា ការធ្វើយុទ្ធនាការរកសំឡេងឆ្នោតថ្ងៃបូងនៅអាណត្តិនេះមានភាពល្អប្រសើរច្រើនបើធៀបអាណត្តិមុនៗ។ គឺមិនមានការប៉ះទង្គិច ឬ ហិង្សាណាមួយកើតឡើងនោះទេ។ គណបក្សនយោបាយខ្លះគាត់ដង្ហែក្បួន ខណៈគណបក្សនយោបាយខ្លះទៀតមិនទាន់ដង្ហែក្បួននៅឡើយទេ គឺបានត្រឹមធ្វើការជួបជុំប្រមូលផ្តុំគ្នាប៉ុណ្ណោះ»។ លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់។

បើទោះបីយ៉ាងណានៅថ្ងៃនេះ គ.ជ.ប ក៏ទទួលបានពាក្យបណ្តឹងមួយករណីផងដែរ ពីគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។ គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានប្តឹងសកម្មជនគណបក្សសង្រ្គោះជាតិ ពីបទរារាំងក្បួនដង្ហែរបស់ខ្លួន នៅក្នុងឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ។

លោក ហង្ស ពុទ្ធា សម្តែងការរំពឹងទុកថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃនេះ នឹងបន្តប្រព្រឹត្តទៅក្នុងបរិយាកាសមួយល្អប្រសើរ ដូចថ្ងៃដំបូងនេះ។ លោក ហង្ស ពុទ្ធា ក៏អំពាវនាវដល់គ្រប់គណបក្សនយោបាយ ដែលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតត្រូវគោរពឲ្យបានទៅតាមច្បាប់ និងសេចក្តីជូនដំណឹង ព្រមទាំងក្រមសីលធម៌ ដែល គ.ជ.ប បានដាក់ចេញ និងចែកជូនដល់គ្រប់គណបក្សនយោបាយរួចរាល់ហើយនោះ។

អ្នកនាំពាក្យ គ.ជ.ប រូបនេះ ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ច ដែលបានប្រឹងប្រែងជួយសម្របសម្រួលឲ្យការដង្ហែក្បួនឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយភាពល្អប្រសើរ ហើយក៏រំពឹងអាជ្ញាធរនឹងបន្តកិច្ចសហការដ៏ល្អនេះរហូតដល់ថ្ងៃទី០២ ខែឧសភា។

សូមបញ្ជាក់ថា ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ គឺជាថ្ងៃដំបូងនៃការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនានា។ គេសង្កេតឃើញថា មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិប៉ុណ្ណោះ បានធ្វើយុទ្ធនាការដោយដង្ហែក្បួនទ្រង់ទ្រាយធំ។

គណបក្សប្រជាជនកម្ពុជា គឺបានធ្វើចលនាព្រមៗគ្នានៅទូទាំងប្រទេស ជាមួយនិងការប្រារព្ធទិវាចង ២០ ឧសភា ដែលជាទិវាគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងរបបខ្មែរក្រហម ព្រមទាំងរំលឹកទុក្ខវេទនាទាំងឡាយ ដែលបានកើតឡើងក្នុងរបបខ្មែរក្រហមផងដែរ។ ដោយសារតែការប្រារព្ធពិធីដង្ហែក្បួនរកសំឡេង ចំជាមួយថ្ងៃរំលឹកដល់ទុក្ខវេទនាក្នុងរបបខ្មែរក្រហមនេះ គណបក្សប្រជាជនកម្ពុជា មិនភ្លេចរំលឹកពីគុណបំណាច់របស់ខ្លួន ដែលបានប្រឹងប្រែងតស៊ូរំដោះប្រទេសចេញពីរបបខ្មែរក្រហម និងកសាងសងសន្តិភាពនៅកម្ពុជានោះឡើយ។

ដោយឡែកគណបក្សសង្រ្គោះជាតិវិញ បានធ្វើការដង្ហែក្បួនទ្រង់ទ្រាយធំនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន តែមិនបានអធិកអធមដូចគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាចនោះឡើយ។

សូមបញ្ជាក់ថា យុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់នេះ មានរយៈពេលតែ ១៤ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។ តាមច្បាប់ស្តីពីការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ក៏ដូចជាការណែនាំរបស់ គ.ជ.ប ការដង្ហែក្បួនសម្រាប់យុទ្ធនាការនេះក្នុងមួយឃុំ​ ឬ សង្កាត់ អាចដង្ហែបានតែពីរដងប៉ុណ្ណោះ។

ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ កងកម្លាំងសមត្ថកិច្ចជាច្រើនម៉ឺននាក់ ត្រូវបានគេដាក់ពង្រាយចាំជួយសម្របសម្រួល និងអន្តរាគមន៍៕