(បាងកក)៖ ការប្រកួតបាល់ទាត់មិត្តភាពថ្នាក់តំបន់អាស៊ាន SCG Muangthong United ASEAN Tour 2017 ក្រោមការរៀបចំរបស់ក្រុមហ៊ុន អេស ស៊ី ជី (SCG) នៃប្រទេសថៃ (Siam Cement PLC) នឹងចាប់ផ្តើមនាថ្ងៃទី១៦ ខែកក្កដាដ៏ខ្លីខាងមុខនេះ។

នេះជាឆ្នាំទីពីរហើយដែល អេស ស៊ី ជី បានរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាព SCG Muangthong United ASEAN Tour នេះឡើង ក្រោយទទួលបានជោគជ័យម្តងរួចមកហើយកាលពីឆ្នាំ២០១៦ កន្លងទៅ ដោយក្នុងយុទ្ធនាការដ៏ធំនេះ ក្រុមបាល់ទាត់អាជីពលេងក្នុងលីគកំពូលថៃ SCG Muangthong United នឹងមានការប្រកួតមិត្តភាពជាមួយក្រុម K-Cement Cambodian All Stars របស់កម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិស័យកីឡាបាល់ទាត់ក្នុងតំបន់ និងពង្រឹងចំណងមិត្តភាពល្អប្រសើររវាង ប្រទេសជិតខាង ដើម្បីសប្បុរសធម៌ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានដែលបានធ្វើឡើងនៅក្នុងពហុកីឡដ្ឋាន អេស ស៊ី ជី ស្ថិតក្នុងទីក្រុងបាងកក នារសៀលថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧ នេះ ក៏មានការអញ្ជើញចូលរួមពីតំណាងសហព័ន្ធបាល់ទាត់កម្ពុជា (FFC) ដែលជាដៃគូរៀបចំព្រឹត្តិការណ៍​នេះ​ក្នុងប្រទេសកម្ពុជា លោក Leonardo Luiz គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា កីឡាករ ប្រាក់ មុន្នីឧត្តម លោក សុខា រ៉ានាថ ប្រធានផ្នែកទីផ្សារ និងទំនាក់ទំនង FFC។

សូមរំលឹកផងដែរថា កាលពីមិត្តភាពអន្តរជាតិឆ្នាំ២០១៦ កន្លងទៅ ក្រុម Muangthong United បានប្រកួតចាញ់ក្រុមម្ចាស់ផ្ទះ K-Cement Cambodian All Stars ដោយលទ្ធផល ៣-២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអ្នកចូលទស្សនា​ផ្ទាល់ប្រមាណ ៤៥០០០នាក់៕