(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានសម្រេចដាក់ពាក្យប្តឹងទៅកាន់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីតាមចាប់ខ្លួន អ្នកលួចចូលគ្រប់គ្រង (Hack) Facebook Page របស់ក្រសួងយុត្តិធម៌ និង Facebook Page របស់លោកផ្ទាល់ផងដែរឈ្មោះ «Kim Santepheap-គឹម សន្តិភាព»។  

នៅក្នុងពាក្យបណ្តឹងរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរថា៖ «សុំកិច្ចអន្តរាគមន៍ស្វែងរកចាប់ខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធទាំងឡាយ ដែលបានលួចចូលគ្រប់គ្រងគណនីបណ្តាញសង្គម Facebook Page របស់ក្រសួងយុត្តិធម»

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក គឹម សន្តិភាព បានប្រកាសថា ក្រោយពី Facebook Page របស់ក្រសួងយុត្តិធម៌ ត្រូវបានក្រុមជនអនាមិក Hack យកគ្រប់គ្រង, ឃើញ Page នេះបាននឹងកំពុងផ្សព្វផ្សាយសកម្មភាពរបស់ CNRP ពោលគឺ Facebook Page របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។

លោក គឹម សន្តិភាព បានប្រកាសជូនសាធារណជនឲ្យដឹងថា ក្រសួងមិនទទួលខុសត្រូវលើ Facebook របស់ក្រសួងយុត្តិធម៌ ទៀតឡើយ ព្រោះកំពុងស្ថិតក្រោមដៃរបស់ជនអនាមិក។

Facebook ក្រសួងយុត្តិធម៌ និង Facebook Page របស់លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលមានឈ្មោះថា «Kim Santepheap-គឹម សន្តិភាព» ត្រូវបានជនអនាមិកលួចយក (HACK) ទៅបាត់ហើយ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ​ហើយរាល់ការបង្ហោះទាំងឡាយ មិនមែនការបង្ហោះរបស់លោក និងក្រុមការងារនោះទេ៕