(កណ្តាល)៖ ឧកញ៉ា ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី២ គណៈអចិន្ត្រៃយ៍នៃគណៈពង្រឹងមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំសមាជិក សមាជិកា ព្រមទាំងអ្នកគាំទ្ររាប់រយនាក់ បើកយុទ្ធនាការស្វែងរកសំឡេងឆ្នោត​នៅក្នុងស្រុកកណ្តាលស្ទឹង។

ក្នុងថ្ងៃបើកយុទ្ធនាការនេះ ឧកញ៉ា ទ្រី ភាព បានជម្រាបអ្នកចូលរួមអំពីគោលនយោបាយសំខាន់ៗទាំង ១៣ចំនុច របស់គណបក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍន៍ឃុំ/សង្កាត់ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ ២០២២ និងការប្តេជ្ញាចិត្តរបស់​គណបក្សប្រជាជន ក្នុងការបន្តថែរក្សាសន្តិភាពបច្ចុប្បន្ន ក៏ដូចជាការលើកកម្ពស់ការផ្តល់​សេវាសាធារណៈ ឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់​ប្រជាពលរដ្ឋគ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

ឧកញ៉ា ទ្រី ភាព បានថ្លែងសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ដែលមានសុខសន្តិភាព និងមានសមិទ្ធផលយ៉ាងច្រើនដូចពេល​បច្ចុប្បន្ននេះ គឺបានកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ជាពិសេសថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា បានដឹកនាំផ្តួលរំលំរបបអាវខ្មៅ ប៉ុល ពត ដើម្បីនាំមកនូវការ​រស់រៀនមានជីវិតជាថ្មីកាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ១៩៧៩។

«មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានប្រឹងប្រែង និងធ្វើពលីកម្មសព្វបែបយ៉ាង ដើម្បីសង្គមកម្ពុជា និងប្រជាជន។ បើគ្មានការតស៊ូពលីរំដោះប្រទេសចេញពីរបប ប៉ុល ពត ទេនោះ យើងមិនដឹងថា ប្រទេសមួយនេះ​នឹងទៅជាយ៉ាងណា ហើយជីវិតរបស់ពលរដ្ឋកម្ពុជា ប្រហែលជាត្រូវស្លាប់បាត់បង់គ្មានសល់។ ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជា មួយប៉ុណ្ណោះ ដែលបានប្រឹងប្រែងរកសន្តិភាព រក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន គ្មានបាតដៃបក្សប្រឆាំងណា មកជួយកសាងប្រទេសជាតិនោះឡើយ។ មានគណបក្សប្រជាជនកម្ពុជា ទើបកម្ពុជា មានការរីកចម្រើនលូតលាស់ទៅមុខបន្តទៀត»។ ឧកញ៉ា ទ្រី ភាព បានគូសបញ្ជាក់។

ឧកញ៉ា ទ្រី ភាព បានអំពាវនាវដល់អ្នកចូលរួមទាំងអស់ ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនមេឃុំកម្ពុជា ដើម្បីទទួល បានការអភិវឌ្ឍនៅតាមមូលដ្ឋានឲ្យកាន់តែល្អប្រសើរថែមទៀត។

បន្ទាប់ពីធ្វើពិធីបើករួចហើយគ្បួនរថយន្តឃោសនា ក៏បានធ្វើដំណើរស្ទើរគ្រប់ច្រកល្អកទៅតាមបណ្តាឃុំនានា នៅទូទាំងស្រុកស្អាង ខេត្តកណ្តាល ក្រោមសម្រែកជយឃោស និងសារនយោបាយនានា ដែលរៀបចំដោយគណបក្ស​ប្រជាជន​កម្ពុជាយ៉ាងកងរំពង៕