(ព្រះវិហារ)៖ សមាជិកគណបក្សសង្គ្រោះជាតិចំនួន៩៨នាក់ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានស្មគ្រ័ចិត្តមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា  ស្របពេលថ្ងៃដំបូង នៃយុទ្ធនាការឃោសនារកសម្លេងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

ពិធីនេះបញ្ជូនសមាជិកថ្មីនេះ ស្ថិតក្រោមវត្តមានរបស់ លោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ, លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត រួមនឹងថ្នាក់ដឹកនាំ និងក្រុមការងារគណបក្សជាច្រើនទៀត ធ្វើឡើងនៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំប្រមេរុ។

លោក កង សៅគុណ ប្រធានក្រុមការងារចុះជួយស្រុកត្បែងមានជ័យ បានលើកឡើងថា ការចុះចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា វិញរបស់សមាជីកគណបក្សសម រង្ស៉ី និងគណបក្សសង្រ្គោះជាតិ ទាំង៩៨នាក់ គឺជាការស្មគ្រ័ចិត្ត មិនមានការបង្ខិតបង្ខំឡើយ ដែលកត្តានេះបណ្តាលមកពីក្រុមការងារយើង ដែលចុះតាមមូលដ្ឋាន គឺជួយប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការ គណបក្សនយោបាយឡើយ ដែលកត្តានេះបានធ្វើឲ្យបងប្អូនយើង មើលឃើញក៏លះបង់ទ្រនំចាស់ផ្លាស់មកទ្រនំថ្មី រួមរស់ជាមួយយើង។

លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ថ្លែងថា ការចុះចូលរបស់បងប្អូន ទាំង៩៨នាក់ របស់គណបក្សសង្រ្គោះជាតិ នៅពេលនេះ គឺជាកំលាំងចលករដ៏មានសារៈសំខាន់បំផុត ក្នុងការរួមសាមគ្គីគ្នា ដើម្បីដណ្តើមយកជយ័ជំនះ នៅថ្ងៃបោះឆ្នោតខាងមុខនេះ ហើយលោកក៏សំណូមពរឲ្យ ការមករួមរស់របស់បងប្អូនគណបក្សសង្គ្រោះជាតិ សូមចូលទាំងបេះដូង មិនមែនចូលតែខ្លួននោះទេ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា តែងបើកទូលាយដល់បងប្អូនប្រជាពលរដ្ឋ ទូទៅដោយមិនប្រកាន់ មិនរើសអើង ហើយក៏មិនបានចាប់បង្ខំឡើយ និយាយរួមយើងត្រូវរួមគ្នា ដើម្បីកសាងប្រទេសយើងទាំងអស់គ្នា ។

លោក មាស សុភា បានថ្លែងនូវការសារទរសប្បាយរីករាយ ដែលថ្ងៃនេះ លោកបានទទួល សមាជិកគណបក្សផ្សេងមករួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីយើងរួមគ្នាកសាងប្រទេសយើង ឲ្យកាន់តែរីកចំរើនថែមទៀត។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា ជារបស់ប្រជាជនដោយបានបង្កើតឡើង អស់រយៈពេល៦៦ឆ្នាំមកហើយៗ គណបក្សប្រជាជនកម្ពុជា តែងនូវរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោកសំណូមពរឲ្យបងប្អូន ប្រជាពលរដ្ឋឈប់ជឿការឃោសនា បោកបញ្ឆោតរបស់គណបក្សផ្សេង ដែលតែងតែដើរញុះញង់ សន្យាហើយតែមិនដែលបានធ្វើអ្វីសោះ ហើយលោកសូមឲ្យបងប្អូន យើងអញ្ជើញទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។

លោក ណែម ថាំង ភេទប្រុស អាយុ៣៧ឆ្នាំ ជាអតីតមេឃុំប្រមេរុ របស់គណបក្សសមរង្ស៉ីបានថ្លែងថា លោកដឹកនាំ សមាជិកគណបក្សរួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជានៅពេលនេះ គឺជាការស្ម័គ្រចិត្ត ដោយគ្មានការបង្ខិតបង្ខំឡើយ និយាយរួម គឺអស់ចិត្តនឹងថ្នាក់ដឹកនាំគណបក្សនេះ ដែលដឹកនាំគ្មានតម្លាភាព បក្សពួក ហើយលោកនិងសន្យានាំសមាជិកបក្សមករួមរស់ជាមួយ គណបក្សប្រជាជន នៅពេលក្រោយៗទៀត។

សូមបញ្ជាក់ក្នុងពិធីនេះ មានការបញ្ចូលគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន១៩៩នាក់ ក្នុងនោះការមករួមរស់របស់គណបក្ស សម រង្ស៉ី និងគណបក្សសង្រ្គោះជាតិ ចំនួន៩៨នាក់ បញ្ចូលយុវជនគណបក្សចំនួន១០១នាក់ ហើយមានការហូប អាហារសាមគ្កីរួមគ្នា ប្រកបដោយភាពស្និតស្នាល៕