(កណ្តាល)៖ នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោក ​ ប្រាក់ សុខុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកស្អាង និងលោក ឃឹម រុស្សីដា អនុប្រធានក្រុមការងារគណពង្រឹងមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការគណពង្រឹង​មូលដ្ឋានចុៈជួយឃុំកោៈខែល  ខេត្តកណ្តាល បានចុះដឹកនាំ សមាជិកសមាជិកា ជាង១ពាន់នាក់ ​ធ្វើយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅទូទាំងស្រុក។

ក្នុងឱកាស​ឃោសនានោះ អ្នកចូលរួមទាំងអស់ បានស្រែកជយឃោសឡើងយ៉ាងកងរំពងថា «ជយោ! គណបក្ស ប្រជាជនកម្ពុជា មានគណបក្សប្រជាជនកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍ និងភាពរីកចម្រើន»

ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាព្រឹកនេះលោក ប្រាក់ សុខុន និងលោក ឃឹម រុស្សីដា  បានថ្លែងប្រាប់​ប្រជាជនថា បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានលើកកម្ពស់ជីវភាព រស់នៅមានហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋទទួលបានសេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោក ប្រាក់ សុខុន និងលោក ឃឹម រុស្សីដា  បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ពោលសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ៕