(កំពង់ធំ)៖ លោក ថោង ខុន ​ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបារាយណ៍ ខេត្តកំពង់ធំ មកពីគណបក្ស ប្រជាជនកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិក សមាជិកា និងអ្នកគាំទ្រជាង១៥០០០នាក់ បើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតទូទាំង១៨ឃុំ នៃស្រុកបារាយណ៍។

នៅថ្ងៃបើកយុទ្ធនាការនេះលោក ថោង ខុន ​បានប្រជុំដាក់ចេញផែនការជាច្រើន ធ្វើយ៉ាងណាឲ្យការឃោសនា មានប្រសិទ្ធភាពជ្រួតជ្រាបដល់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាពិសេសធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានជ្រូតជ្រាប ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្ន ក៏ដូចការខិតខំអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារ ក៏បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធដល់ពលរដ្ឋខ្មែរ ដែលបានស្លាប់ក្នុង របបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ ព្រោះថាថ្ងៃនេះជាទិវាចងចាំ២០ឧសភា ដែលជាថ្ងៃរំលឹកពីការឈឺចាប់ ជាប្រវត្តិសាស្ដ្រ​ ដែលមិនអាចបំផ្លាញបាននៅក្នុងចិត្ត របស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។

បន្ទាប់ពីការជួបជុំ សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជននៅទូទាំងស្រុកបារាយណ៍ ត្រូវបានបែងចែកចុះ ទៅឃុំនានា ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោត ពីប្រជាពលរដ្ឋ៕