(បន្ទាយមានជ័យ​)៖ នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ លោក សួន​ បវរ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យបានបើកយុទ្ធនាការ រកសម្លេងឆ្នោតទ្រង់ទ្រាយធំ ដង្ហែរទាំង៩​ សង្កាត់​-ឃុំ​ នៅទូទាំងខេត្តខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីសមាជិកសមាជីកា ជាង៥ម៉ឺននាក់​។

នៅក្នុងយុទ្ធនាការឃោសនានេះ លោក សួន​ បវរ បានថ្លែងថា «សមាជិក​សមាជីកា​សង្កាត់​ទាំងអស់ និង​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ​ត្រូវខិតខំ​បំពេញការងារ ទៅតាម​តួនាទី​រៀងៗ​ខ្លួន ដើម្បី​បម្រើ សំណូមពរ និង សេចក្ដីត្រូវការ​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅពេល​ប្រជាពលរដ្ឋ​ ជួប​ការលំបាក​តែម្តង ហើយ​ត្រូវ​រួម​សាមគ្គីគ្នា ការពារ​សមិទ្ធិផល​ទាំងឡាយ​ របស់​គណៈបក្ស​ប្រជាជន ឲ្យ​បាន​ស្ថិតស្ថេរ​គង់វង្ស នៅ​ជា​អម​តៈរៀង​ទៅ​»។ លោកថា បើ​ស្រលាញ់​ភូមិ​យើង សង្កាត់​យើង និង​ប្រទេសជាតិ​យើង ត្រូវ​នាំគ្នា​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់គ្នា ដើម្បី​ប្រទេសជាតិ​យើង​មានការ​អភិវឌ្ឍន៍​បន្ត​ទៀត​។

លោក​បន្ថែមទៀតថា សមាជិក​ក្រុមការងារ​ចុះជួយ​សង្កាត់ និង​ភូមិ​ទាំងអស់ ព្រមទាំង​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ដឹងថា តើ​មាន​ចំនុច​អ្វីដែល​យើង​ត្រូវការ​ និង​កែ​អំ​អរ ក្នុង​តំបន់​យើង​បន្តទៀត នៃ​ការគ្រប់គ្រង​សមាជិក​បក្ស និង​បង្កើន​សមាជិក​ថ្មី ដើម្បី​ឈ្នះឆ្នោត​បន្តទៀត​នា​ឆ្នាំ​២០១៧​នេះ ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​សង្កាត់​ដែល​ខិតជិត​ចូល​មកដល់​ខាងមុខនេះ​។​

លោក សួន​ បវរ បានបញ្ជាក់ថា «ប​ច្ចុ​ប្បន្ន​មានតែ​គណបក្ស​ប្រជាជន​កម្ពុជារបស់​យើង​ទេ ​ដែល​ដឹង​សុខ​ដឹង​ទុក​ប្រជាពលរដ្ឋ ហើយ​ក្រុមការងារ ​និង​សមាជិក​បក្ស​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើ​ឲ្យ​បានល្អ​បន្ថែមទៀត បើ​យើង​ខិតខំ​ប្រឹងប្រែង​ខ្លួនឯង​បានល្អ ហើយ​នោះ​ប្រជាពលរដ្ឋ​នឹង​ជឿជាក់​មកលើ​យើង​ជាក់​ជាមិនខាន»​៕