(ស្ទឹងត្រែង)៖ ឪពុកល្មោភកាមម្នាក់ បានចាប់រំលោភកូនស្រីបង្កើតខ្លួនឯង អាយុ១៤ឆ្នាំ បានសម្រេចរហូតទៅដល់២០ដង ទើបតែបែកការ ត្រូវសមត្ថកិច្ចចាប់ខ្លួន។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកោះហិប ឃុំអូស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចាប់រំលោភកូនស្រីរបស់ខ្លួនឯងនោះ ឈ្មោះ ជិត ម៉ៅ អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភ កូនបង្កើតរបស់ខ្លួនពិតប្រាកដមែន នៅពេលប្រពន្ធមិននៅផ្ទះ ហើយរំលោភបានតែចំនួន២ដងតែប៉ុណ្ណោះ។

សមត្ថកិច្ចបានបន្តទៀតថា ប៉ុន្ដែបើតាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ បាននិយាយថា ឪពុករបស់ខ្លួនបានចាប់រំលោភខ្លួន តាំងពីរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០១៦មកម្ល៉េះ មិនមែន២ដងទេ រហូតមកដល់ពេលនេះ មានចំនួន២០ដងហើយ រំលោភនៅពេលយប់ នៅលើផ្ទះ នៅលើខ្សច់មាត់ទន្លេ និងនៅលើទូក ពេលទៅនេសាទត្រី ពេលរំលោភម្តងៗ តែងតែគំរាមកូនថា ហ៊ានតែប្រាប់គេនឹងសម្លាប់ទាំងម្តាយ ទាំងកូន ទើបកូនមិនហ៊ានប្រាប់ម្តាយ។ ក្រោយមកម្តាយ តាមទាន់បាន ទៅប្តឹងសមត្ថកិច្ច ទើបឈានដល់ការចាប់ខ្លួនតែម្តង។

រីឯឈ្មោះ ឃួន ចំផែង ត្រូវជាប្រពន្ធជនសង្ស័យ បាននិយាយថា គាត់សង្ស័យប្តីរបស់គាត់យូរហើយ បានតាមមើលសកម្មភាពប្តី របស់គាត់រហូត នៅថ្ងៃកើតហេតុ គាត់ក៏បានឃើញប្តី ចាប់រំលោភកូននៅលើផ្ទះ គាត់ក៏បានទៅប្តឹងមេភូមិ និងបានរាយការណ៍ ទៅកាន់សមត្ថកិច្ច ដើម្បីធ្វើការឃាត់ខ្លួន។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២០ ខែឧសភានេះ ជនសង្ស័យត្រូវបានសមត្ថកិច្ច សាកសួរកសាងសំណុំរឿងរួចរាល់ ហើយត្រៀមបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕