(ប៉ៃលិន)៖ លោក អ៊ី ឈាន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តប៉ៃលិន បានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ នាថ្ងៃដំបូង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ នៅទូទាំងខេត្តប៉ៃលិន។

នៅក្នុងយុទ្ធនាការឃោសនា ក៏មានការចូលរួមពីលោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន និងជាអនុប្រធានក្រុមការងារ ថ្នាក់កណ្តាលគណបក្សប្រជាជន ចុះជួយខេត្តប៉ៃលិន និង​សមាជិក សមាជិកា​ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ នៃគណបក្សខេត្ត, ព្រមទាំងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំ-សង្កាត់ទាំង៨ ក្នុងខេត្តប៉ៃលិន សរុបប្រមាណជាង​១០,០០០នាក់។

​ជាមួយគ្នានោះ លោក បានដឹកនាំ​សមាជិក សមាជិក ​រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ២០​ឧសភា រំលឹកថ្ងៃ ប្រជាជនកម្ពុជា ដែលបានស្លាប់ក្រោមរបបប្រល័យពូជសាសន៍ ប៉ុល ពត ផងដែរ។

សូមបញ្ជាក់ថា ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នាថ្ងៃដំបូងនេះ គណបក្សប្រជាជនកម្ពុជាខេត្តប៉ៃលិន បានធ្វើយុទ្ធនាការនៅតាមឃុំ-សង្កាត់នីមួយៗក្នុងខេត្ត ដោយបានប្រើមធ្យោបាយរថយន្ត និងម៉ូតូជាច្រើនគ្រឿង ក្នុងការដង្ហែក្បួនឃោសនា៕