(បាត់ដំបង)៖ លោក ហែម ថេង ប្រធានគណៈពង្រឹងឃុំ ភ្នំសំពៅ ស្រុកបាណន់ មកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មកពីបណ្តាភូមិទាំង១០ នៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ប្រមាណជាង១ពាន់នាក់ បើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោត។

ក្នុងពិធីបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតថ្ងៃដំបូងនេះ លោក ហែម ថេង ប្រធានគណៈពង្រឹងឃុំ ភ្នំសំពៅ ស្រុកបាណន់ បានអះអាងថា «បើគ្មានថ្ងៃរំដោះ ៧ មករា ១៩៧៩ទេ យើងទាំងអស់គ្នា ក៏គ្មានអ្វីៗដល់សព្វថ្ងៃនេះដែរ ហើយមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានតស៊ូសង្រ្គោះប្រទេសជាតិ ឲ្យផុតពីរបបកាប់សម្លាប់ជាតិឯងពិតប្រាកដ»។

លោក ហែម ថេង បញ្ជាក់ថា លោកនិងក្រុមការងារ ព្រមទាំងអ្នកគាំទ្រនៅតែរំពឹងទុកថា គណបក្សប្រជាជនកម្ពុជា នៅតែឈ្នះឆ្នោតជានិច្ច ព្រោះទាំងថ្នាក់ដឹកនាំកំពូលរហូតដល់ ថ្នាក់ក្រោម សុទ្ធតែមានវិន័យល្អ សមត្ថភាព ធនធានមនុស្ស មានគោលនយោបាយដឹកនាំច្បាស់លាស់ ហើយថ្នាក់ក្រោមបាននៅកៀកកិតជិត ជាមួយប្រជាពលរដ្ឋមូលដ្ឋាន ដោយបានជួយដោះស្រាយ នូវកង្វល់របស់ពួកគាត់បានគ្រប់កាលៈទេសៈ។

លោកថា ថ្នាក់ដឹកនាំ CPP មានទម្លាប់មួយដ៏ល្អ ដែលមិនអាចបំភ្លេចបានគឺ បានធ្វើសកម្មភាពជាប្រចាំ នៅតាមមូលដ្ឋានដោយបានបម្រើ ជួយកសាងសមិទ្ធិផលជាច្រើន លើគ្រប់វិស័យជូនប្រជាពលរដ្ឋសម្រាប់ ប្រើប្រាស់ជាប្រយោជន៍សាធារណៈ តាមការស្នើសុំរបស់ពួកគាត់ តាមរយៈប្រធានក្រុមការងារចុះជួយឃុំភ្នំសំពៅ។ មិនតែប៉ុណ្ណោះបានជួយជាអំណោយមនុស្សដល់ចាស់ជរា ក្មេងកំព្រា អ្នកមានជម្ងឺ អ្នកទើបសម្រាលកូនរួចនិងគ្រួសារអ្នកមរណៈ ដោយមិនប្រកាន់និន្នាការអ្វីឡើយ។

បន្ទាប់ពីការជួបជុំ សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជនរួចរាល់ ត្រូវបានបែងចែកចុះ ទៅឃុំនានា ដើម្បីធ្វើយុទ្ធនាការរក​សំឡេងឆ្នោត ពីប្រជាពលរដ្ឋ សមាជិកបក្សបានចូលរួមទាំង១០ភូមិ ក្នុងឃុំមានគ្នាជាង១ពាន់នាក់ បានដង្ហែរក្បួនឃោសនាក្នុងដែនដីរបស់ខ្លួន តាមច្បាប់បានរដ្ឋនិងច្បាប់ គ ជ ប បានកំណត់ឲ្យ។

នៅក្នុងពិធីដង្ហែរក្បួនឃោសនានេះ សមាជិកទាំងអស់បានស្រែកជ័យ ឃោសតាមភូមិនានាក្នុងឃុំ ព្រមទាំងប្តេជ្ញាចិត្តថា ពួកគាត់និងប្រជាពលរដ្ឋបាននាំគ្នាគាំទ្រទៅបោះឆ្នោតជូនCPP ឃុំនាពេលខាងមុខនេះ ដើម្បីបន្តដឹកនាំបម្រើពួកឲ្យកាន់តែល្អថែមទៀត៕