(បាត់ដំបង)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ លោក ឡោក ហួរ ប្រធានក្រុមការងារចុះជួយស្រុកសង្កែ និងលោក រុន រ័ត្នវាសនា ប្រធានក្រុមការងារ ចុះជួយឃុំអន្លង់វិល ឃុំអូរដំបង១ និងឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង បានដឹកនាំសមាជិក គណៈបក្សប្រជាជនកម្ពុជា ឃុំអន្លង់វិល និងឃុំអូរដំបង១ បើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ដោយមានសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចូលរួមជិត២០០០នាក់។

ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាព្រឹកនេះ លោក ឡោក ហួរ និងលោក រុន រ័ត្នវាសនា បានថ្លែងប្រាប់​ប្រជាជនថា បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺធានាបានការអភិវឌ្ឍន៍ ក្នុងមូលដ្ឋានលើកកម្ពស់ជីវភាព រស់នៅមានហេដ្ឋារចនាសម្ព័ន្ធ ស្ពានថ្នល់គ្រប់គ្រាន់ ប្រជាពលរដ្ឋទទួលបាន សេវាសាធារណៈឆាប់រហ័ស និងមានគុណភាព ទទួលបានសាលារៀន មន្ទីរពេទ្យ និងសេវាព្យាបាលមានគុណភាព ធានាសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ជាមួយគ្នានេះ លោក ឡោក ហួរ និងលោក រុន រ័ត្នវាសនា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានឈ្មោះបោះឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ពោលសល់តែ១៥ថ្ងៃទៀតប៉ុណ្ណោះ៕