(កំពង់ធំ)៖ ​លោក គង់ វិមាន ប្រធានក្រុមការងារចុះជួយឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដឹកនាំសមាជិក សមាជិកា ប្រមាណជាង៧០០នាក់ គោរពវិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ដែលស្លាប់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​រំលឹកនូវភាពឈឺចាប់ក្នុងរបបដ៏​ឃោរឃៅនេះ។​

លោក គង់ វិមាន បានថ្លែងថា ប្រវត្តិសាស្រ្តកម្ពុជា និងបេះដូងកូនខ្មែរគ្រប់រូប បានហែលឆ្លងក្នុង​របបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ និងបានកត់ត្រាទុក និងចារជាប់យ៉ាងច្បាស់លាស់​ មិនអាចស្រពិចស្រពិល និងបំភ្លេចបានឡើយនូវមហាសោកនាដកម្ម មហាវិនាសកម្ម​ធ្វើឲ្យជីវិតប្រជារាស្រ្ត រាប់លាននាក់ត្រូវបាត់បង់ជីវិត និងរាប់លាននាក់ទៀត ត្រូវព្រាត់ប្រាស បែកបាក់ ឈឺផ្សារ ក្លាយជាស្រ្តីមេម៉ាយ ក្មេងកំព្រា ជាជនពិការជាដើម។

លោកបញ្ជាក់ថា «មាតា បិតា ទាំងឡាយ ដែលមានទឹកចិត្តករុណា សណ្តោសប្រណីដល់បុត្រភ្ញា មហាសែនស្លុតរន្ធត់ស្រឡាំងកាំង ឡប់ស្មារតី ពេលវាចាប់ប្រឡេះកូនសម្លាញ់ពីដើមទ្រូង យកទៅសម្លាប់ម្តងមួយ ម្តងមួយមុនពេលវាច្រានទម្លាក់​ទៅក្នុងរណ្តៅស្លាប់​ជាអវសាន្ត។ ឱបងប្អូនជនរួមជាតិទាំងឡាយ អ្នកមានកំហុសអ្វី? បានជាត្រូវពួកគេសម្លាប់អស់ទាំងពូជយ៉ាងនេះ»។

​លោក គង់ វិមាន ក៏បានលើកបង្ហាញពីប្រឹងប្រែងតស៊ូយ៉ាងលំបាក ដើម្បីរំដោះជាតិចេញពីរបប ប៉ុល ពត ពីសំណាក់ពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានដូចជា​សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ជា ស៊ីម និងសម្តេច ហេង សំរិន​។

លោកបន្ថែមថា ផ្តើមចេញពីការតស៊ូដ៏អង់អាចក្លាហាន ដែលដឹកនាំ​ដោយប្រមុខដឹកនាំ​គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យរបបនេះដួលរលំទៅនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយក៏ផ្តល់ឱកាសឲ្យ​រស់រានមានជីវិតជាថ្មី និងមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ ចេញគំនរផេះជាបន្តបន្ទាប់ រហូតបានរីកចម្រើនដូចពេលបច្ចុប្បន្ន​។

ជាមូយគ្នានោះ លោក គង់ វិមាន​ ​អំពាវនាវសូមឲ្យស្មារតី​២០ ឧសភា ដែលជាថ្ងៃកាន់មរណទុក្ខជាប្រវត្តិសាស្រ្ត របស់ប្រជាជនកម្ពុជា ស្ថិតនៅជាបុព្វហេតុពិតប្រាកដ ក្នុងក្រអៅបេះដូងកូនខ្មែរគ្រប់ៗរូប ដើម្បីបណ្តុះទឹកចិត្តតស៊ូ ប្រមូលផ្តុំថាមពល ពុះពាររាល់ឧបសគ្គ មិនឲ្យរបបប្រល័យពូជសាសន៍កើតមានជាថ្មី នៅកម្ពុជាទៀតឡើយ តស៊ូឆ្ពោះទៅរកការឯកភាពជាតិទូលំទូលាយ ដើម្បីការពារ និងកសាងមាតុភូមិកម្ពុជា អភិវឌ្ឍន៍លើគ្រប់វិស័យជានិច្ចនិរន្ត។

ជាចុងបញ្ចប់ លោក ក៏បានដឹកនាំក្រុមការងារធ្វើយុទ្ធនាការស្វែករកសំឡេងឆ្នោត ក្នុងមូលដ្ឋានរបស់លោកផងដែរ៕