(រតនគិរី)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី បានបើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ក្រោមវត្តមានលោក ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត លោក លី ធុជ សមាជិកគណៈកម្មធិការកណ្តាល និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត លោក ម៉ួង ប៉យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងលោក ថង សាវុន អនុប្រធានគណបក្សខេត្ត ព្រមទាំងលោក លោកស្រី សមាជិក សមាជិកាបក្សខេត្តរតនគិរី។

ក្នុងពិធីខាងលើនេះ ក៏មានការចូលរួមពីសមាជិកសមាជិកា គណបក្សប្រជាជន មកពីអង្គភាពនានាទូទាំងខេត្តរតនគិរី ជាច្រើនរយនាក់ផងដែរ។ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាព្រឹកនេះ គណបក្សប្រជាជនកម្ពុជាខេត្ត ក៏បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ប្រជាជនកម្ពុជា ដែលបានស្លាប់ក្រោមរបបប្រល័យពូជសាសន៍ប៉ុលពតផងដែរ។

សូមបញ្ជាក់ថា ខេត្តរតនគិរីមាន៥០ ឃុំ-សង្កាត់, មានប័ណ្ណចែកសរុប៨១០២០ និងមានបណ្ណព័ត៌មានសរុប៨៧២៧៣។ លោក ទ្រីស សាមីន តំណាងឲ្យគណៈចលនាសាសនិកខ្មែរឥស្លាមបានប្រាប់ថា ពួកគាត់មានបណ្ណបោះឆ្នោត ប្រមាណ២៥០០នាក់ ត្រៀមខ្លួនបោះឆ្នោត ជូនបេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ នៃគណបក្សប្រជនកម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ពេលខាងមុខនេះ។

សម្រាប់យុទ្ធនាការនៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជាមានមធ្យោបាយរថយន្តជាង២០០គ្រឿង, ម៉ូតូជាង១០០០គ្រឿង និងមានសមាជិកសមាជិកា ចូលរួមហែក្បួនជាង៣០០០នាក់៕