(ភ្នំពេញ)៖ មន្ទីពហុព្យាបាល និងសម្ភព «ទំនើប» នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានដាក់ដំណើរការនូវម៉ាស៊ីនស្កែនន័រ មាន៦៤ស្លាយ ម៉ាក TOSHIBA ដែលនាំចូលពីប្រទេសជប៉ុន មានតួនាទីពិនិត្យក៏ដូចជា វិភាគរោគសញ្ញា របស់អ្នកជំងឺកាន់តែច្បាស់លាស់ជាមុន នេះបង្ហាញពីការអភិវឌ្ឍន៍ វិស័យសុខាភិបាល និងបច្ចេកវិទ្យានៅកម្ពុជា ដែលជាហេតុធ្វើឲ្យប្រទេសមួយនេះកាន់តែរីកចម្រើន ក្នុងការគាំពារអ្នកជំងឺទាំងក្នុង និងក្រៅប្រទេសផងដែរ។ ការដាក់ដំណើរការនូវម៉ាស៊ីនស្កែនន័រទំនើប ធ្វើនៅមន្ទីពហុព្យាបាល និងសម្ភព «ទំនើប» ផ្ទាល់ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ ទី ង៉ែតសុឬទ្ធិ៍ អគ្គនាយកមន្ទីពហុព្យាបាល និងសម្ភព «ទំនើប» បានឲ្យដឹងថា ការដាក់ឲ្យដំណើរការ ម៉ាស៊ីនថ្មីនេះ គឺនឹងជួយក្នុងការធ្វើរោគវិនិច្ឆ័យ ឲ្យបានកាន់តែច្បាស់ល្អ ដោយការចំណាយពេលវេលាតិច ដែលនេះបង្ហាញពីការយកចិត្តទុកដាក់ដល់អ្នកជំងឺ និងយល់យោគពីតម្លៃក្នុងការពិនិត្យផងដែរ។ លោកបានបញ្ជាក់ថា ការដាក់ចេញនូវ ម៉ាស៊ីនទំនើបមួយនេះ គឺមានការផ្ចុងផ្តើមពីមិត្តភ័ក្រ ក៏ដូចជាមិត្តរួមការងារគាត់ ទើបរូបលោកសម្រេចចិត្តដាក់ចេញនូវ ម៉ាស៊ីនស្ក៊ែនន័យទំនើប និងនាំចូលពីប្រទេសជប៉ុនមួយនេះ។

ក្រៅពីពន្យល់ណែនាំពីតួនាទីយ៉ាងសំខាន់របស់ ម៉ាស៊ីនស្ក៊ែនន័រនេះ លោកសាស្ត្រាចារ្យ បានធ្វើការប្រៀបធៀបពីការរីកចម្រើនមួយនៅកម្ពុជានិង ក្រៅប្រទេសយ៉ាងដូច្នោះថា «ការព្យាបាលជំងឺក្នុង និងក្រៅប្រទេស នាពេលបច្ចុប្បន្ននេះ មិនមានភាពខុសគ្នាប៉ុន្មាននោះទេ ហើយកត្តាដើម្បីធ្វើឲ្យអ្នកជំងឺ ឈប់ទៅព្យាបាលនៅក្រៅប្រទេសនោះ គឺកត្តាទំនុកចិត្ត នៅពេលដែលមន្ទីរពេទ្យទាំងអស់ នៅកម្ពុជា កសាងទំនុកចិត្តបាន ជូនចំពោះប្រជាពលរដ្ឋនោះ វិស័យសុខាភិបាលនៅកម្ពុជា នឹងបន្តរីកចម្រើនបន្ថែមទៀត»

ដើម្បីធ្វើឲ្យវិស័យសុខាភិបាលនៅកម្ពុជា រិតតែមានការរិកចម្រើនជានេះទៅទៀត លោកសាស្ត្រាចារ្យ ទី ង៉ែតសុឫទ្ធិ៍ ជាចុងក្រោយបានប្តេជ្ញាយ៉ាងដូចច្នោះថា «ខ្ញុំនឹងខិតខំធ្វើយ៉ាងណា ដើម្បីធ្វើឲ្យវីរៈភាពពិសេស ការដឹកនាំ និងការព្យាបាលឲ្យកាន់តែល្អ» រូបលោកគិតអាយុជីវិតអ្នកជំងឺជាងទឹកប្រាក់ទៅទៀត៕