(កំពង់ធំ)៖ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៨១ឃុំ ក្នុងខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានបើកយុទ្ធនាការនៅថ្ងៃដំបូងជាលក្ខណៈទ្រង់ទ្រាយធំ ដើម្បីឃោសនាស្វែងរកសំលេងឆ្នោត សម្រាប់ការចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧​នេះ។

លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ងួន ញ៉ិល សមាជិកគណៈអចិន្ដ្រៃយ៍គណបក្សប្រជាជន និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តកំពង់ធំនោះ នៅថ្ងៃនេះថ្នាក់ដឹកនាំ និងសមាជិករបស់យើងទូទាំង៨១ឃុំ ដែលមានចំនួនជាង១០ម៉ឺននាក់ បានបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

បើតាមលោក សុខ លូ សម្រាប់ខេត្តកំពង់ធំ មានគណបក្សនយោបាយជិត១០ បានចុះឈ្មោះចូលរួមប្រកូតប្រជែង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ៕