(ភ្នំពេញ)៖ Facebook ក្រសួងយុត្តិធម៌ និង Facebook Page របស់លោក គឹម សន្ដិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ដែលមានឈ្មោះថា «Kim Santepheap-គឹម សន្តិភាព» ត្រូវបានជនអនាមិកលួចយក (HACK) ទៅបាត់ហើយ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ ​ហើយរាល់ការបង្ហោះទាំងឡាយ មិនមែនការបង្ហោះរបស់លោកនោះទេ។

បើតាមសេចក្ដីជូនដំណឹងរបស់លោក គឹម សន្តិភាព ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែឧសភានេះ បញ្ជាក់ថា៖ «​ហ្វេសបុកផេកផ្ទាល់ខ្លួន (Facebook Page: Kim Santepheap-គឹម សន្តិភាព); របស់ឯកឧត្តម គឹម សន្តិភាព អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ត្រូវបានជនអនាមិកលួចយក (HACK) កាលពីយប់មិញថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ២០១៧ ហើយមកដល់ពេលនេះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនអនាមិក (Hacker) នៅឡើយ​!, ចំណែក Page របស់ក្រសួងយុត្តិធម៌ត្រូវបានក្រុម Hacker យកគ្រប់គ្រងនៅព្រឹកមិញនេះ»

ជាមួយគ្នានោះ លោក គឹម សន្ដិភាព អំពាវនាវដល់សាធារណៈជនថា ​ចាប់ពីពេលនេះទៅលោក មិនជាប់ព័ន្ធជាមួយទំព័រ Facebookនោះទៀតទេ។ ប៉ុន្ដែទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ពេលណាទើបលោកអាចយក ​Facebook នោះមកគ្រប់គ្រង់បាន និងជូនដំណឹងដល់សាធារណជនជាថ្មី៕