(កំពង់ធំ)៖ អគារទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ឃុំកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជា ផ្លូវ​ការហើយ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកសន្ទុក ព្រមទាំងលោកស្រី ខៀវ ស៊ីណា។

ការសម្ពោធអគារទីស្នាក់ការគណបក្សនេះធ្វើឡើងនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧ ដែលត្រូវបានផ្ដល់ជូនតាមរយៈលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា។ លោក ជា​ ចាន់តូ បានថ្លែង​ថា សមិទ្ធិផលដែល​កើតមាននៅលើទឹកដីកម្ពុជា នា​បច្ចុប្បន្ន​នាពេលនេះ គឺបាន​បង្ហាញយ៉ាងច្បាស់ នូវ​​ភាព​រីក​ចំរើន​របស់​ប្រទេសជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ។

លោកបានបន្ថែមទៀតថា ដូចនេះប្រជា​ពល​រដ្ឋ​ត្រូវតែផ្តល់នូវ ការជឿ​ជាក់​ទ្វេរឡើងទៀតទៅលើ ការដឹកនាំប្រកបដោយ កិត្តិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ហើយសមាជិកបក្សម្នាក់ៗត្រូវខិតខំនិងមានការប្ដេជ្ញាចិត្តខ្ពស់ ថែមទៀតក្នងការ អនុវត្តផែនការដែល បានដាក់ចេញសម្រាប់អាណត្តិទី៤ ឲ្យបានល្អដើម្បីឲ្យប្រជាពលរដ្ឋកាន់តែមានជំនឿ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្ដេចតេជោ ហ៊ុន សែន ជាបន្តទៀត។

នៅក្នុងឱកាសនោះលោក ជា ចាន់តូ បានជម្រុញឲ្យមន្ត្រីបក្សទាំងអស់ ត្រូវបន្តធ្វើអំពើល្អឲ្យបានច្រើនថែមទៀត និងត្រូវរួមគ្នាថែរក្សា
សមិទ្ធផលទាំងឡាយ ដែលរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា សម្រេចឲ្យបានគង់វង្ស ពិសេសសុខសន្តិភាពដើម្បីឲ្យកូនចៅ
ជំនាន់ក្រោយៗរស់នៅដោយសុខសាន្ត ក្នុងភាពសម្បូររុងរឿង៕