(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារចុះជួយ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មកពីគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះដឹកនាំសមាជិក សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនកុះករ បើកយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនៅទូទាំងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅថ្ងៃបើកយុទ្ធនាការនេះ លោក វង សូត  បានប្រជុំដាក់ចេញផែនការជាច្រើន ធ្វើយ៉ាងណាឲ្យការឃោសនា មានប្រសិទ្ធភាពជ្រួតជ្រាបដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ជាពិសេសធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានជ្រូតជ្រាបពីកិច្ចខិតខំ របស់រាជរដ្ឋាភិបាលដែលកើត ចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងកសាង និងអភិវឌ្ឍន៍ប្រទេសឲ្យ ទទួលបានការរីកចម្រើនដូចពេលបច្ចុប្បន្នក៏ដូចការខិតខំអភិវឌ្ឍន៍នៅ តាមមូលដ្ឋាន ជួយលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរ។

បន្ទាប់ពីការជួបជុំ សមាជិក សមាជិកា និងអ្នកគាំទ្ររបស់គណបក្សប្រជាជននៅទូទាំងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ត្រូវបានបែងចែកចុះទៅឃុំនានា ដើម្បីធ្វើយុទ្ធនាការរកសំឡេងឆ្នោតពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា នៅស្រុកពញាក្រែក រួមមាន៨ឃុំ ក្នុងនោះ មានដូចជា ឃុំដូនតី ឃុំកក់ ឃុំកណ្តោលជ្រុំ ឃុំកោងកាង ឃុំក្រែក ឃុំពពេល ឃុំត្រពាំងផ្លុង ឃុំចាលម្លូ៕