(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់នគរបាលនៅទូទាំងប្រទេស​ត្រូវធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ទាំងអំឡុងពេលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតរយៈពេល ១៤ថ្ងៃ និងនៅក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

ក្នុងសារលិខិតជូនពរនគរបាលជាតិក្នុងឱកាសប្រារព្ធខួប ៧២ឆ្នាំថ្ងៃកំណើតនគរបាលជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ចាប់ពីថ្ងៃទី២០ ខែឧសភា រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខឆាប់ៗនេះ គឺជាយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដូចនេះកងកម្លាំងនគរបាលគ្រប់រូប ត្រូវលើកកម្ពស់ស្មារតីយកចិត្តទុកដាក់ក្នុងការធានាឲ្យបាននូវបរិយាកាសសន្តិសុខ សម្រាប់ព្រឹត្តិការណ៍ដ៏សំខាន់នេះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់នគរបាលទាំងអស់ឲ្យអញ្ជើញទៅបោះឆ្នោត ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ការឃោសនារកសំឡេងឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះហើយ។ គណបក្សនយោបាយ ដែលបានចូលរួមប្រកួតប្រជែងរកសំឡេងឆ្នោតបានត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ ដើម្បីធ្វើសកម្មភាពស្វែងរកការគាំទ្រតាមយុទ្ធសាស្ត្ររៀងខ្លួន។

ដើម្បីបញ្ចៀសនូវបញ្ហាប៉ះទង្គិចនានានោះ កម្លាំងសមត្ថកិច្ច ក៏បានពង្រីកកម្លាំងជាច្រើនផងដែរ ដើម្បីរក្សានូវសន្តិសុខ និងសណ្តាប់ធ្នាប់៕