(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាជំនុំជំរះសាលាដំបូងរាជធានី​ភ្នំពេញ ​លោកចៅក្រម​​ ម៉ុង​​ មុន្នីសោភា​ នៅព្រឹកថ្ងៃទី១៩​​ ខែឧសភា ឆ្នាំ២០១៧​ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ក្មេងប្រុស​ម្នាក់ ដោយដាក់ពន្ធនាគារចំនួន០៣ឆ្នាំ​ និង០៦ខែ ព្រមទាំងពិន័យជាប្រាក់០៨លាន​រៀល ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភក្មេងស្រីអនីតិជន។

សូមជម្រាបថា ​​ហេតុការណ៍​នេះ បានកើត​ឡើង ​នៅយប់ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ផ្សារ​តាំង​កសាង ស្ថិត​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ក្មេងប្រុស​ដែលក្លាយជា ពិរុទ្ធជននេះ ឈ្មោះ ណុប បញ្ញា ហៅ​ធី អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៦ មាន​ឪពុក​ឈ្មោះ ណុប សារិទ្ធ អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ស្បែកជើង នៅ​ផ្សារ​តាំង​កសាង ម្តាយ​ឈ្មោះ សៅ ចិន្តា​អាយុ​៣៥​ឆ្នាំ មុខរបរ​អ៊ុតសក់ ក្នុង​ផ្សារ​តាំង​កសាង មាន​ទីលំនៅ ផ្ទះជួល ក្នុងភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​ស្វាយរៀង​។ ​ចំណែក ក្មេងស្រី​រងគ្រោះ ទើបតែ​អាយុ​៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បើតាមម្តាយ​ក្មេងស្រី​រងគ្រោះ បាន​និយាយថា រាល់ថ្ងៃ​ទំនេរ កូនស្រី​របស់គាត់ តែងតែ​ចូល​លេង​ក្នុង​ផ្សារ​ជាមួយ​ក្មេងប្រុស​សង្ស័យ ដោយសារ​ចាស់ៗសុទ្ធតែជា​អ្នក​ស្គាល់គ្នា លុះ​មកដល់​វេលា​ខាងលើ ខណៈដែល​កំពុង​រៀបចំ​អីវ៉ាន់ ស្រាប់តែ​កូនស្រី រត់​មកពី​ក្រោយ​ផ្សារ ទាំង​យំ​សស្រាក់ ព្រមទាំង​មាន​ឈាម​ប្រឡាក់​អាវ ហើយ​ប្រាប់ថា ក្មេងប្រុស​ខាងលើបាន​នាំ​ទៅលេង ខាងក្រោយ​ផ្សារ ហើយ​ចាប់រំលោភ​។​

​ក្មេងប្រុស​សង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​នាំ​ក្មេងស្រី​រងគ្រោះ ទៅ​ចាប់រំលោភ​មែន ប៉ុន្តែ​អត់​ចូលដល់​ជម្រៅ​នោះទេ៕