(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានចុះ​សំណេះសំណាល សួរសុខទុក្ខ និងផ្តល់អំណោយសប្បុរសធម៌របស់សម្តេចក្រឡាហោម ស ខេង ជូនប្រជាពលរដ្ឋជាង​១​ម៉ឺនគ្រួសារ ក្នុងឃុំចំនួន​៥ នៅស្រុកកំចាយមារ គឺ​ឃុំក្របៅ ឃុំក្រញូង ឃុំស្មោងខាងជើង ឃុំស្មោងខាងត្បូង និងឃុំសៀងខ្វៀន។

ថ្លែងនៅក្នុងពិធីនោះលោក ស សុខា បានលើកឡើងថា នេះគឺជាការជួបជុំសំណេះសំណាលសួរសុខទុក្ខ និងសម្តែងសេចក្តីស្រឡាញ់រាប់អាន ក្នុងឋានៈជាខ្មែរតែមួយ មានវាសនាតែមួយ ដោយមិនប្រកាន់និន្នាការនយោបាយ។

តំណាងរាស្ដ្រវ័យក្មេងរូបនេះ ​បានបញ្ជាក់ អំពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការរក្សាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ បញ្ចុះចុងការប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុមកត្រឹម១,៥ភាគរយ ក្នុងមួយខែ និងកំណត់តម្លៃប្រេងលក់តាមស្ថានីយ ក្នុងតម្លៃមួយសមាមាត្រតាមទីផ្សារអន្តរជាតិ ចាប់តាំងពីខែមេសា ឆ្នាំ២០១៦ មកម្ល៉េះ។

បើតាមលោក ស សុខា គណបក្សប្រជាជនកម្ពុជា ជាអ្នកបង្កើតសន្តិភាព និងជាអ្នកថែរក្សាសន្តិភាពអស់រយៈពេល​ជិត៤០ឆ្នាំចុងក្រោយ (១៩៧៩ មកទល់បច្ចប្បន្ន) ហើយក្នុងរយៈពេលប្រហែល៥០០ឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាដ៏អភ័ព្វ​ពុំដែលមានសុខសន្តិភាពបានយូរអង្វែងដូចសព្វថ្ងៃឡើយ គឺតែងតែមានសង្គ្រាមរ៉ាំរ៉ៃ ដណ្តើមអំណាចគ្នា ពុះចែកដីគ្នា ស្វែងរកសេចក្តីសុខមិនឃើញ។

លោកបន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចថែរក្សាសុខសន្តិភាព បានយូរអង្វែងដូចសព្វថ្ងៃ ទាំងអស់នេះ គឺជាបទពិសោធន៍ដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវចងចាំទុក។

ជាមួយគ្នានោះលោក ស សុខា បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតគ្រប់ៗគ្នា នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខកុំបីអាក់ខានឡើយ៕