(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី អិល ជី ស៊ី នឹងបង្កើតឲ្យមានការចូលទស្សនាដោយឥតគិតថ្លៃ នៅសារមន្ទីរវាយនភណ្ឌ ប្រពៃណីអាស៊ី ដើម្បីចូលរួមអបអរទិវាសារមន្ទីរអន្តរជាតិ១៨ ឧសភា។

កម្មវិធីអបអរសាទរ បើកទស្សនាដោយសេរី នៅក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងធ្វើឡើងនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ស្អែកនេះ ចាប់ពីម៉ោង៨៖៣០ព្រឹកតទៅ ដែលត្រូវបានរៀបចំឡើង ដោយក្រុមប្រឹក្សាសារមន្ទីរអន្តរជាតិ និងក្រុមប្រឹក្សាសារមន្ទីរជាតិ។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ អញ្ជើញមកចូលរួមទស្សនា ការដាក់បង្ហាញនូវផលិតផលប្រពៃណីដ៏ សម្បូរបែប នៅក្នុងសារមន្ទីរវាយនភណ្ឌប្រៃណី អាស៊ី ដែលមានទីតាំងនៅផ្លូវ៦០ម៉ែត្រ ខាងត្បូងរង្វង់មូល ក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

គួររម្លឹកថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលឥណ្ឌា ជាមួយបណ្តាប្រទេសតំបន់ទន្លេមេគង្គ រួមមានរដ្ឋាភិបាលកម្ពុជា វៀតណាម ថៃ មីយ៉ាន់ម៉ា និងឡាវ៕