(បាត់ដំបង)៖ ដើម្បីពង្រឹងកម្លាំងគៀងគរមហាជនយកឈ្នះ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ដែលនៅតែប៉ុន្មានថ្ងៃទៀតនេះផង និង​ការបោះឆ្នោតសភា ឆ្នាំ២០១៨​ខាងមុខ សកម្មជនគណបក្សប្រជាជនកម្ពុជា ជាបងប្អូន​ខ្មែរឥស្លាមមកពី៣៦ភូមិ នៃឃុំចំនួន២៣ និង​ស្រុកចំនួន១១ ទូទាំងខេត្ត មានចំនួន៥៣១នាក់ ដែលជាថ្នាក់ដឹកនាំ គណៈអ៊ីម៉ាំ (​មេគុណ) គណៈចលនាសាសនិកឥស្លាមរបស់ CPP ខេត្ត ក្រុង ស្រុក និងភូមិនានា លោកគ្រូ អ្នកគ្រូខ្មែរឥស្លាមនៅក្នុងក្របខណ្ឌ និង​កិច្ចសន្យារបស់ក្រសួងអប់រំយុវជន និង​កីឡា ​ទូទាំងខេត្ត បាន​ចូលរួមក្នុងពិធីសំណេះសំណាល និង​ប្រកាសទទួលស្គាល់ សម្រួលភារកិច្ច ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណណៈចលនាសាសនិកឥស្លាមរបស់ CPP។

ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ក្រោមសហអធិបតីភាព លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង​​ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ជាមួយ​លោក ឆាយ សារ៉េត សមាជិកគណៈកម្មាធិកាកណ្តាល និងជាអនុប្រធានគណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង។

លោក ស៊ូ អារ៉ាហ្វាត ជាប្រធានគណៈចលនាសាសនិកឥស្លាម CPP ខេត្តបាត់ដំបង បានឡើងផ្តល់ចំណាប់អារម្មណ៍ ការប្ដេជ្ញារក្សាសម្លេងឆ្នោតជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជា តាមរយៈការរក្សាកម្លាំងចាស់ និងបង្កើនសមាជិកថ្មី ដោយផ្សះផ្សា​ សម្របសម្រួលមហាជន នៅសេសសល់មិនទាន់ចូលជាសមាជិកគណបក្សប្រជាជន ឲ្យបានសហការចូលរួមរស់ជាមួយម្លប់ នៃបក្សតែមួយ សុខទុក្ខរួមគ្នា។

ក្នុងឱកាសនោះ លោក អូស្មាន ហាស្សាន់ បានថ្លែងអំណអរគុណដល់កម្លាំងសកម្មជន និង​សមាសភាពគណៈចលនាសាសនិកឥស្លាម CPP ខេត្តបាត់ដំបង ដែលបានគៀងគរឲ្យមហាជនរបស់ខ្លួនភាគច្រើន បានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបោះឆ្នោតជ្រើសរើសគណបក្សប្រជាជនកម្ពុជា នៅតែជាមេដឹកនាំដឹកនាំប្រទេស ដែលរួមសុខរួមទុក្ខជាមួយគ្នារហូតបានទទួលនូវ ភាពចម្រុងចម្រើន សន្តិភាព និងកក់ក្តៅជាទីបំផុត។

លោកប្រធានគណៈចលនា បានក្រើនរំលឹកថា សូមកុំញញើត ឬចាញ់បោកនូវការសន្យាអះអាង បែបបោកប្រាស់របស់បណ្តាបក្សប្រឆាំង ថានឹងផ្តល់នូវអ្វីគ្រប់បែបយ៉ាង ខណៈដែលកន្លងមក​រហូតបច្ចុប្បន្ន មិនទាន់មានអ្នកណាបានសាងនូវស្នាដៃបន្តិចណា ជូនសហគមន៍ឡើយ ផ្ទុយទៅវិញមានតែការបង្ករផ្គរភ្លៀង និង​ញុះញង់បង្កចលាចលដល់សហគមន៍ ការបំបែកបំបាក់សាមគ្គីរវាងបងប្អូនក្នុងគ្រួសារ និងសហគមន៍តែប៉ុណ្ណោះ។
ជាក់ស្តែង ការប្រកាសអូតអាងពីការទាមទារសេរីភាពរបស់ពួកគាត់ ខណៈដែលមេដឹកនាំគណបក្សរបស់ពួកគេ គ្មានទាំងដែលស្គាល់អ្វីជាលះបង់ដើម្បីទាមទារសេរីភាព និង​សេចក្តីសុខសន្តិភាព ជូនប្រជារាស្ត្របទាល់តែសោះ ផ្ទុយទៅវិញសេរីភាព សុខសន្តិភាព និង​ភាពចម្រុងចម្រើនមកដល់សព្វថ្ងៃនេះ គឺបានមកដោយការតស៊ូយ៉ាងលំបាក ការលះបង់ឈាមស្រស់ ព្រាត់ប្រាស បងប្អូនគ្រួសារ នៃមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែ១គត់។

នៅចុងបញ្ចប់ លោក អូស្មាន ហាស្សាន់ បានប្រគល់រថយន្តមួយគ្រឿង ជូនដល់មជ្ឈមណ្ឌលកីឡាសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តបាត់ដំបង ដើម្បីប្រើប្រាស់ ទ្រទ្រង់វិស័យកីឡាក្នុងស្រទាប់យុវជនផងដែរ៕