(ស្វាយរៀង)៖ ក្រុមការងារនៃសាខាកាំកុងត្រូលខេត្តស្វាយរៀង ដឹកនាំដោយលោក ណាល់ វិចិត្រ ប្រធានសាខាកាំកុងត្រូល ខេត្តស្វាយរៀង សហការពីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណៈគ្រប់គ្រងសាលា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ បានបន្តយុទ្ធនាការ ចុះអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពម្ហូបអាហារ ជូនសិស្សនៅវិទ្យាល័យ ហ៊ុន សែន កំពង់ចក ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងគណៈគ្រប់គ្រងសាលាសរុបជាង១,០០០នាក់។

លោក ណាល់ វិចិត្រ បានថ្លែងថា ការផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានអំពី «សុវត្ថិភាពម្ហូបអាហារ» នៅពេលនេះមានសារសំខាន់ចាំបាច់ ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ គឺធ្វើឡើងស្របគ្នានឹងការកំណត់យក «សុវត្ថិភាពចំណីអាហារ» ជាអាទិភាពទី១ សំរាប់យុទ្ធសាស្ត្រ អភិវឌ្ឍន៍ ប្រទេសជាតិ របស់រាជរដ្ឋាភិបាល ក៏ដូចជាយុទ្ធសាស្ត្របញ្ជ្រាប​ចំណេះ​ដឹងអំពី «សុវត្ថិភាពចំណីអាហារ» ទូទាំង២៥ រាជធានី-ខេត្ត ក្រុង ដែលដាក់ចេញដោយអគ្គនាយកដ្ឋានកាំកុងត្រូល។ ការទទួលខុសត្រូវលើ «សុវត្ថិភាពម្ហូបអាហារ»  គឺជាការ ទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចួល ទាំងអ្នកផលិត ទាំងអ្នកចែកចាយ រួមទាំងយើងទាំងអស់គ្នាជាអ្នក ប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត ។

លោកបញ្ជាក់ថា កត្តាដែលអាចបង្កឲ្យមានគ្រោះថ្នាក់កើតមានក្នុងចំណីអាហារ និងធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកប្រើប្រាស់មាន ជាអាទិ៍ដូចជា ពពួកអតិសុខុមប្រាណ, សារធាតុគីមីខុសច្បាប់ដែលលបលួចដាក់ក្នុងចំណីអាហារ, សំណល់ថ្នាំ ឬសារធាតុគីមីដែលនៅ សល់ក្នុងសាច់ បន្លែ ផ្លែឈើ, សារធាតុពុលពីធម្មជាតិ, អង្គធាតុជារូបវ័ន្តមួយចំនួន ។ល។

ដោយឡែកលក្ខណ្ឌមួយចំនួនទៀត ដែលធ្វើឲ្យបាក់តេរីលូតលាស់ក្នុងចំណីអាហារ និងបង្កបញ្ហាដល់សុខភាព មានដូចជា កំរិត pH, សំណើម, សីត្ហភាព, ពេលវេលា, អុកស៊ីហ្សែន ជាដើម។ ដូច្នេះមានកត្តាជាច្រើនដែលធ្វើឲ្យម្ហូបអាហារបាត់បង់គុណភាព និងសុវត្ថិភាព ដែលក្នុងនោះរួមបញ្ចូលទាំង កត្តាមនុស្ស ខ្លួនយើង ដែលជាអ្នកប្រើប្រាស់ផង។ ចុងបញ្ចប់នៃកម្មវិធីក៏មានការ ឆ្លើយនូវសំណួរ ពាក់ព័ន្ធទៅនឹងម្ហូបអាហារ រួមទាំងការចែកជូននូវផ្ទាំងរូបភាពអប់រំផ្សព្វផ្សាយ ចំនួន ១,០០០ ផ្ទាំងផងដែរ។

បន្ថែមពីនេះនាព្រឹកថ្ងៃដដែល ដោយបានកិច្ចសហការពីគណៈកម្មការផ្សារ ក្រុមការងារក៏បានបន្តចុះទៅធ្វើការអង្កេត ទីផ្សារកំពង់ចក ដោយពិនិត្យលើប្រក្រតីភាព និងអនុលោមភាព នៃទំនិញដែលបានដាក់តាំងលក់លើទីផ្សារខាងលើ។ ក្នុងនោះក្រុមការងារក៏បានធ្វើតេស្ត បឋមលើផលិតផលមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់មិនឲ្យ ប្រើប្រាស់ក្នុងម្ហូបអារហារ។ ជាលទ្ធផលបង្ហាញថា ពុំមានវត្តមានសារធាតុគីមីត្រូវបានរកឃើញឡើយ តែក្នុងនោះ ក្រុមការងារក៏បានដកហូតទៅតាមនីតិវិធីនូវផលិតផលមួយចំនួន ដែលមានសភាពមិនប្រក្រតី និងខូចគុណភាព សរុបប្រមាណជាង១០ គីឡូក្រាម សម្រាប់ធ្វើការកំទេចចោល៕