(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ​​ចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង​​០១ខ្សែ ស្ថិតក្នុងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៧ មានប្រវែង​៤៨៨ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ។

ថ្លែងក្នុងឱកាសនោះ អភិបាលខណ្ឌដង្កោ បាននាំយកនូវផ្តាំផ្ញើ​ការសាកសួរសុខទុក្ខ ពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើន របស់ប្រទេសជាតិ ក្រោមការដឹកនាំ​របស់សម្តេច ដែលបានអភិវឌ្ឍន៍ប្រទេសជាតិ និងបានថែរក្សាសុខសន្តិភាពនៅទូទាំងប្រទេស ហើយនៅថ្ងៃនេះសមិទ្ធផល ផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋសម្រាប់ការធ្វើដំណើរ និងរក្សាបាននូវផាសុខភាពសម្រាប់ការរស់នៅផងដែរ។

បន្ថែមពីនេះ លោក នុត ពុធដារ៉ា ​ផ្តាំ​​ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវជួយតាមដានត្រួតពិនិត្យការអនុវត្តគម្រោង របស់ក្រុមហ៊ុនទទួលការសាងសង់ និងរាយការណ៍អំពីបញ្ហាប្រឈមនានា ជូនដល់អជ្ញាធរមូលដ្ឋាន ដើម្បីចាត់វិធានការទាន់ពេលវេលា។ ជាមួយគ្នានោះ ក៏សូមមានការយោគយល់ អធ្យាស្រ័យចំពោះផលប៉ះពាល់តិចតួច ដែលអាចបណ្តាលមកពីការស្ថាបនាផ្លូវនេះ ដើម្បីឲ្យដំណើរការស្ថាបនាឆាប់បានរួចរាល់ និងប្រើប្រាស់បានយូរអង្វែង។

​​លោកអភិបាល ក៏បានឧបត្ថម្ភថវិកា​​១០ម៉ឺនរៀល ដើម្បីឲ្យប្រជាពលរដ្ឋភូមិដំណាក់សង្កែ ដាក់ធុងបាស់រាំលេងកម្សាន្ត ដើម្បីអបអរសាទរផ្លូវបេតុងថ្មីផងដែរ៕