(ភ្នំពេញ)៖ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ​.ប បានព្រមានធ្ងន់ៗ​ទុកជាមុនថា ចំពោះជនណាដែលចេញ មុខអះអាងថា ទឹកខ្មៅអាចលប់ជ្រះនៅថ្ងៃបោះឆ្នោត ហើយគ.ជ.ប ហៅជននោះថា ជាអ្នកដែលចង់បំផ្លាញការបោះឆ្នោតនៅកម្ពុជា​។

ក្រោយបញ្ចប់ការបង្ហាញ និងធ្វើការ​សាកសល្បង គុណភាពទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ ប្រធាន គ.ជ.ប​ បានព្រមានថា «ប្រសិនបើមានរូបភាពគេចង់សាកល្បង អង្គការចាត់តាំងណាក៏ដោយ គេចាត់តាំងទៅធ្វើអ្វី​ដើម្បីបំផា្លញការបោះឆ្នោតនេះ ចាំមើលថា តើ គ.ជ.ប នឹងចាត់វិធានការតាមច្បាប់យ៉ាងមិច, ហើយអង្គការចាត់តាំងហ្នឹង សម្រាប់ជួយដល់ការបោះឆ្នោត ឬបំផ្លាញការបោះឆ្នោត»

លោក ស៊ិក ប៊ុនហុក បន្ដថា «អ្នកដែលទឹកខ្មៅលប់មិនជ្រះឲ្យជ្រះ នៅក្នុងថ្ងៃបោះឆ្នោតមានបំណង៣យ៉ាងគឺ ទី១៖ មានគំនិតចង់បន្លំចូលទៅបោះឆ្នោតច្រើនដង, ទី២៖ មានគំនិតមិនស្មោះត្រង់នឹងការបោះឆ្នោត ហើយចង់ទៅបោះឆ្នោតម្ដងទៀត និងទី៣៖ ធ្វើឲ្យមានការភាន់ច្រឡំ នឹងបាត់​ទំនុកចិត្តដល់ការបោះឆ្នោត»

​សូមជម្រាបថា លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបង្ហាញវិធានការចំនួន ៥ចំណុច ដែលធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងគត់។ បើតាម លោក ស៊ិក ហ៊ុនហុក ​វិធានការ៥ចំណុច​ដែល​ គ.​ជ.ប បានដាក់ចេញ ដើម្បីធានាថា មនុស្សម្នាក់អាចបោះឆ្នោតបានតែម្ដងនោះ វាមានប្រសិទ្ធិភាពខ្លាំងជាងការប្រើប្រាស់ទឹកខ្មៅទៀត ព្រោះវិធានការនេះអាចឲ្យអ្នកក្លែងបន្លំ ជាប់ពន្ធនាគារ និងពិន័យជាប្រាក់ទៀត។

លោក ស៊ិក ប៊ុនហុក បញ្ជាក់ថា វិធានការទាំង៥នេះ​ បានធ្វើឲ្យបណ្ដាប្រទេសអន្ដរជាតិមួយចំនួន​ បានឯកភាពជាមួយ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថែម ទៀតផង ដើម្បីមិនឲ្យមនុស្សម្នាក់បោះឆ្នោតបាន២ដង ហើយប្រសិនបើអ្នកណា​ដែលហ៊ានប្រថុយទៅបោះឆ្នោត២ដងនោះ ច្បាស់ជាខកខ្លួនហើយ ព្រោះវិធានការនេះ​មិនបណ្ដាយឲ្យបោះបានជាដាច់ខាត៕