(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានលើកឡើងថា មិនឲ្យមានការកាត់ប្រាក់គោលរបបរបស់ នាយទាហាន នាយទានហានរងទាំងអស់គ្រប់ទម្រង់នោះឡើយ។ ការលើកឡើងបែបនេះធ្វើឡើងគ្រាដែលអង្គភាពរៀបចំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារខែឧសភា ឆ្នាំ២០១៧ និងទិសដៅខែមិថុនា ឆ្នាំ២០១៧ ដែលមានវត្តមានចូលរួមពីមេបញ្ជាការរង មន្ទីរទាំង៥ មេបញ្ជាការ មេបញ្ជាការ រងក្រុង-ស្រុក ស្នាក់ការសន្តិសុខ កងអនុសេនាធំចល័ត នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។

ឧត្តមសេនីយ៍ត្រី ជូ សារុន បានសង្កត់ធ្ងន់ថា «ចាប់ពីពេលនេះតទៅ ហាមដាច់ខាតការកាត់គោលរបប គ្រប់រូបភាព គ្រប់ទម្រង់ទាំងអស់ពី នាយទាហាន នាយទាហានរង និងពលអាវុធហត្ថក្រោមឱវាទ ក្នុងនោះក៏មិនអនុញ្ញាតរាល់ការអំពាវនាវគៀងគររកថវិកាគ្រប់រូបភាព សម្រាប់កសាងសមិ្ធទផលអ្វី របស់អង្គភាពឡើយ មិនតែប៉ុណ្ណោះរាល់ការបង់វិភាគទាន គឺមិនត្រូវអនុញ្ញាត រួមទាំងការចងការប្រាក់ ឬទិញប្រាក់ខែនៅក្នុងអង្គភាពផងដែរ»

ឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា ដោយអនុវត្តតាមសេចក្តីណែនាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពល ខេមរភូមិន្ទ ជាបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះបញ្ហាការកាត់ប្រាក់បៀរវត្សន៍។

លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា ចំពោះបញ្ហាសន្តិសុខត្រូវបន្តស្រាវជ្រាវ និងទប់ស្កាត់បង្ក្រាបរាល់បទល្មើសគ្រប់រូបភាព និងគ្រប់ករណី ដែលប៉ុនប៉ងបង្កអសន្តិសុខ ចលនាណាដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមជាពិសេសតាមដាន និងក្តាប់ឲ្យបាននូវ បញ្ហាសន្តិសុខ ក្នុងកំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត នាពេលខាងមុខនេះ ក្នុងនាមយើងទាំងអស់គ្នាជាកងកម្លាំងអន្តរាគមន៍ត្រូវតែខិតខំ ប្រឹងប្រែងធ្វើយ៉ាងរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សារធារណៈឲ្យបានគ្រប់ជ្រុងជ្រោយ។

ឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ជាក់ថា ដើម្បីធានាឲ្យបាននូវរាល់ស្ថានការណ៍ចាំបាច់ត្រូវចាត់តាំងកម្លាំងល្បាតនៅតាមភូមិសាស្ត្រក្នុងមូលដ្ឋាន ដើម្បីងាយស្រួលក្នុងការក្តាប់មុខសញ្ញា ដែលប៉ុនប៉ងបង្កភាពអនាធិបតេយ្យគ្រប់រូបភាព ហើយយើងជាកងកម្លាំងងាយស្រួលបង្ក្រាប និងអន្តរាគមន៍ ឲ្យទាន់ពេលវេលា៕