(សៀមរាប)៖ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមសមាគម ព្រមទាំងក្រុមការងារគណបក្សខេត្ត ចុះជួយស្រុកបានជួប សំណេះសំណាលជាមួយ សមាជិកាអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងបេក្ខជនក្រុមប្រឹក្សាឃុំទាំងពេញសិទ្ធ និងបំរុងទាំង៦ឃុំ ឃោសនិក ក្រុមទ្រទ្រង់សុខភាពភូមិ មេភូមិ អនុភូមិគ្រប់ភូមិ និងយុវជន ក្នុងស្រុកបន្ទាយស្រី សរុបចំនួន១០៣នាក់ ដើម្បីណែនាំអំពីតួនាទី ភារកិច្ច នៅចំពោះមុខ ជាពិសេសក្នុង​ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ​។​

ថ្លែងនៅក្នុងពិធីលោកស្រី គួយ ណាលីន បានឲ្យដឹងថា ការជួបជុំសំណេះសំណាលនេះឡើង ក្នុងគោលបំណង ធ្វើឲ្យលោក លោកស្រី ដែលជាបេក្ខជនក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិកា ទាំងអស់បានយល់កាន់តែច្បាស់ អំពីគោលការដឹកនាំរបស់គណបក្សប្រជាជន កម្ពុជា អំពីតួនាទី ភារកិច្ចរបស់សមាជិកសមាគមននារីកម្ពុជា និងដើម្បីត្រួតពិនិត្យ និងណែនាំអំពីយុទ្ធនាការចុះរកសំឡេងឆ្នោត និងស្ដាប់សភាពការណ៍ ទូទៅជុំវិញការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ នាពេលខាងមុខ។

លោកស្រី គួន ណាលីន ក៏បានលើកឡើងថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នាពេលនេះ  មានការអភិវឌ្ឍន៍គ្រប់វិស័យ រួមមានផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម និងហេដ្ឋានចរនាសម្ព័ន្ធផ្សេងៗជាច្រើន លើសពីនេះទៀត គឺសេដ្ឋកិច្ចកម្ពុជា មានកើនឡើង ជាបន្តបន្ទាប់ព្រមទាំងរក្សាបាន នូវសុខសន្តិភាព ស្ថេរភាព ស្ងប់ស្ងាត់។  

ជាមួយគ្នានេះផងដែរ លោកស្រី ក៏បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋថា សូមកុំជឿពាក្យបោកប្រាស់ និងការសន្យាខ្យល់របស់ គណបក្សនយោបាយ មួយចំនួន ដែលនឹងកំពុងលាបពណ៌មិនល្អ មកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់ប្រជាជនយើង និងសូមឲ្យបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យ បានគ្រប់ៗគ្នានា ពេលដ៏ខ្លីខាងមុខនេះ។

ក្នុងនោះដែរ លោកស្រី គួន ណាលីន ឃឹម ប៊ុនសុង ក៏បានផ្តល់ជូនសមាជិកចូលរួមក្នុងម្នាក់ៗ សំពត់ ១ដុំ និងថវិកា ២ម៉ឺនរៀលផងដែរ៕