(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ​ (AUPP) ជាគ្រឹះស្ថានឧត្តមសិក្សាឯកជន​ មិនស្វែងរកប្រាក់ចំណេញ ជាមួយនឹងកម្មវិធី​សិក្សា​ជាភាសាអង់គ្លេសទាំងស្រុង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។​

សាកលវិទ្យាល័យ AUPP ផ្តល់នូវកម្មវិធីសិក្សាតាមបែបអាមេរិកាំង ឈរលើមូលដ្ឋានវប្បធម៌ខ្មែរ និងអាស៊ី​ ដើម្បីបណ្តុះអាកប្បកិរិយាប្រកបដោយទំនួល ខុសត្រូវខ្ពស់ក្នុងសង្គម ការសិក្សាពេញមួយជីវិត និងឧត្តមភាពក្នុងការសិក្សា និងជំនាញវិជ្ជាជីវៈ ដើម្បីបង្កើតនូវអ្នកគិតប្រកប​ដោយ​ការត្រិះរិះពិចារណា អ្នកច្នៃប្រឌិត និងជាអ្នកដឹកនាំប្រកបដោយក្រមសីលធម៌ ដែលចូលរួមក្នុងការអភិវឌ្ឍសង្គមជាតិ និងពិភពលោក។

សាកលវិទ្យាល័យ AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលផ្តល់នូវកម្មវិធីសិក្សាសញ្ញាបត្រពីរ​ (Dual Degree Programs) ដែលមានការទទួលស្គាល់នៅសហរដ្ឋអាមេរិក ហើយ​AUPP បានបង្កើតកិច្ចសហ​ប្រតិបតិការ ភាពជាដៃគូរជាមួយសាកលវិទ្យាល័យអារីហ្សូណា (University of Arizona) ដើម្បីផ្តល់ឱកាសឱ្យនិស្សិត AUPP ទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលបង្រៀន​ដោយ​សាស្រ្តាចារ្យ​អាមេរិកាំង នៅកម្ពុជា។

សាកលវិទ្យាល័យ (AUPP) តាមរយៈការពិគ្រោះយោបល់ ជាមួយបណ្តាសាកលវិទ្យាល័យដៃគូរនៅសហរដ្ឋអាមេរិក បានបើក ទ្វារទទួលនិស្សិតដំបូង ក្នុងខែសីហា ឆ្នាំ២០១៣  បានបង្ហាញពីកំណើនប្រកបដោយថាមវន្ត និងការអភិវឌ្ឍក្នុងការបង្កើត កម្មវិធីសិក្សាដ៏ល្អបំផុត ក៏ដូចជាការបង្កើតឱកាសទូលំទូលាយ ដល់និស្សិតក្នុងការចុះកម្មសិក្សា ទាំងក្នុងតំបន់ និងអន្តរជាតិ ក៏​ដូចជាការជួយលើកិច្ចការសង្គម និងសកម្មភាពវប្បធម៌​ក្រៅ​កម្មវិធីសិក្សាផ្សេងៗទៀត។

អគារសិក្សាថ្មីរបស់សាកលវិទ្យាល័យ AUPP ដែលជាអគារសាកលវិទ្យាល័យ បំពាក់ដោយបរិក្ខារទំនើប និងសំបូរបែប អំណោយ​ផលដល់ការសិក្សា នឹងចាប់ផ្តើមបើកទ្វារទទួលនិស្សិតឱ្យចូលរៀននៅពាក់កណ្តាលឆ្នាំ២០១៧​នេះ ហើយអគារសិក្សា​ថ្មី ត្រូវបានរចនា និងគូប្លង់យ៉ាងផ្ចិតផ្ចង់ ដោយស្ថាបត្យករជាតិ និងអន្តរជាតិ។

តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់សាស្រ្តាចារ្យ និស្សិត និងបុគ្គលិក សាកលវិទ្យាល័យ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាដែល ផ្តល់នូវឧត្តមភាពអប់រំនាំមុខគេនៅកម្ពុជា។ សាកលវិទ្យាល័យ AUPP សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តចំពោះនិស្សិត និងអា​ណាព្យាបាល ក្នុងការឲ្យតម្លៃលើគោលដៅ នៃការអប់រំប្រកបដោយគុណភាព គណនេយ្យភាព សមភាព សុច្ចរិតភាព និងការ​ទទួលខុសត្រូវខ្ពស់បំផុត៕