(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តស្វាយរៀង បានស្នើឲ្យមឲ្យបងប្អូន ប្រជាពលរដ្ឋ មន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវជឿជាក់លើគណបក្សប្រជាជនកម្ពុជា ហើយ សូមបោះឆ្នោតជូនបក្ស ព្រោះថាមានតែមេឃុំ សង្កាត់ គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះទេ ដែលរស់នៅផ្ទាល់ និងដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំចាញ់បោក ការឃោសនានយោបាយរបស់គណបក្សផ្សេង ឬអ្នកនយោបាយ មួយចំនួន ដែលតែងតែដើរបំផុសបំផុល បោកប្រាស់តាមរូបភាពផ្សេងៗ។

ការលើកឡើងរបស់ ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន នាពេលនេះ បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណ១០០០នាក់ ក្នុងកម្មវិធីបុណ្យឆ្លងឧបដ្ឋានសាលា សម្ពោធស្ពាន និងផ្លូវនៅវត្តឧត្តម សាមគ្គី ស្ថិតនៅក្នុងឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧នេះ។

លោកស្រីក៏បាន អំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែក្សាសន្តិភាព ដែលគណបក្សប្រជាជន កម្ពុជា បានខិតខំកន្លងមក ដើម្បីឲ្យបានស្ថិតស្ថេរយូរអង្វែងសម្រាប់ប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ ហើយសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតទាំងអស់គ្នា។លោកស្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមាន ឈ្មោះ បោះឆ្នោត ត្រូវទៅចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានគ្រប់ៗគ្នាដើម្បីបន្តការគាំទ្រ គណបក្សប្រជាជនកម្ពុជា ដឹកនាំឃុំសង្កាត់ ឲ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត។

ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ក៏បានផ្តាំផ្ញើ ដល់ឪពុកម្តាយកម្មករកម្មការនី ត្រូវចេះណែនាំកូនចៅឲ្យខិតខំធ្វើការងារ កុំជឿតាមការញុះញុងពីក្រុមឃោសនា អគតិនាំកម្មករធ្វើកូដកម្មបាតុកម្ម ប្រៀបបានដូចវាយបំបែកឆ្នាំងខ្លួនឯង ខាតបង់ពេលវេលា និងប្រាក់បៀរវត្ស ប្រចាំខែយ៉ាងទៀងទាត់ ហើយត្រូវមានទំនុកចិត្តលើរាជរដ្ឋាភិបាល ព្រោះសម្តេចតេជោ ហ៊ុន សែន ជាអ្នកនាំអ្នក វិនិយោគទុន មករកស៊ីនៅប្រទេសកម្ពុជា ធ្វើឲ្យកម្មករកម្មការិនី រាប់សែននាក់ មានការងារធ្វើនៅក្នុងស្រុក៕