(ភ្នំពេញ)៖ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការក្នុងប្រទេសចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០១៧នេះ មានពិធីសារ និងកិច្ចព្រមព្រៀងចំនួន ៦ត្រូវបានចុះហត្ថលេខា ដែលក្នុងនោះក៏មិនកិច្ចព្រមព្រៀងស្តីពីការផ្តល់ ជំនួយឥតសំណងជាង ១៧៤លានដុល្លារសម្រាប់ការអភិវឌ្ឍនៅកម្ពុជាក្នុងឆ្នាំ២០១៧ផងដែរ។

ពិធីសារ និងកិច្ចព្រមព្រៀងសំខាន់ៗទាំង ៦ ដែលបានចុះហត្ថលេខាក្រោមអធិបភាពរបស់សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិនរួមមាន៖

ទី១៖ពិធីសារស្តីពី បង្កើតស្ថានីយ៍ សង្កេតកិច្ចការបរិស្ថានសមុទ្ររួម។

ទី២៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស លើការផ្តល់ហិរញ្ញប្បទាន ឥតសំណងចំនួន ១២០០លានយ័នស្មើជាង ១៧៤លានដុល្លារសម្រាប់ឆ្នាំ២០១៧។

ទី៣៖ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារ សម្រាប់គម្រោងសាងសង់ខ្សែ បញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល ជំហានទី២ នៅភាគខាងកើតប្រទេសកម្ពុជា។

ទី៤៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាព ពាក់ព័ន្ធវិស័យដឹកជញ្ជូន។

ទី៥៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងផែនការ សកម្មភាព ដើម្បីអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ទី៦៖ ឯកសារស្តីពីចំណុចគោលនៃផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ ខ្សែក្រវ៉ាត់ សេដ្ឋកិច្ចផ្លូវសូត្រ និងកិច្ចសហប្រតិបត្តិការផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ រវាងកម្ពុជា និងចិន។

សូមបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ ត្រូវបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលពីនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង នៅមហាវិមានប្រជាជនចិន ស្ថិតនៅកណ្តាលរដ្ឋធានីប៉េកាំង៕