(ភ្នំពេញ)៖ ក្នុងជំនួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧នេះ លោក លី គុនជីន (Li Qun Jin ) ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី The Asian Infrastructure Investment Bank (AIIB) បានថ្លែងថា ខ្លួនពេញចិត្តនឹងជួយរាល់សំណើអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។

លោក ​Li ​Qun ​Jin ​បាន​ថ្លែង​ថា ​លោក​បាន​មើលឃើញ​ពី​ការ​អភិវឌ្ឍ​ដ៏​ជឿនលឿន​របស់​កម្ពុជា ​ហើយ​លោក​ពេញចិត្ត​ចំពោះ​ស្ថេរ​ភាព ​នយោបាយ ​សន្តិភាព ​និង​មាន​គោលនយោបាយ​គាំទ្រ​អ្នក​វិនិយោគ​របស់​កម្ពុជា ​ដែល​ផ្តល់​កិច្ច​គាំពារ ​និង​ទំនុកចិត្ត​ដល់​អ្នក​វិនិយោគ​។ ​លោក​បន្ត​ថា ​កម្ពុជា​កំពុង​ស្ថិតនៅ​លើ​ផ្លូវ​ត្រឹមត្រូវ​មួយ​ដែល​ពោរពេញ​ដោយសក្តានុពល​ខ្ពស់​បំផុត ​ហើយ​ធនាគារ ​AIIB ​គឺ​គាំទ្រ​នូវ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​។ ​ធនាគារ ​AIIB ​មាន​សមាជិក​ចំ​នូន៧០ ​ប្រទេស​ហើយ ​ក្នុង​នោះ​មាន​ទាំង​សមាជិក​មក​ពី​ប្រទេស​តំបន់​អឺរ៉ុប ​និង​កាណាដា​ផង​ដែរ​។

លោក Jin បានជម្រាបសួរទៅសម្តេចតេជោនាយករដ្ឋមន្ត្រី តើកម្ពុជាមានគម្រោងអភិវឌ្ឍន៍សំខាន់ៗអ្វីខ្លះ ដែលធនាគារ AIIB អាចជួយដល់កម្ពុជាបាន។

សម្តេចតេជោ បានជំរាបជូនអំពីវិស័យអាទិភាពសំខាន់ទាំងបួនរបស់ កម្ពុជារួមមាន៖ ១). ការអភិវឌ្ឍធនធានមនុស្ស, ២). ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ៣). ការផ្គត់ផ្គង់ និង ដោះស្រាយទឹក និង ៤). វិស័យថាមពលអគ្គិសនី។

ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានលើកអំពីការខិតខំទាក់ទាញវិនិយោគទុនក្នុងការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មឲ្យបានច្រើននៅក្នុងប្រទេស ក្រៅអំពីការអេភិវឌ្ឍវិស័យកសិកម្ម។ កម្ពុជាត្រូវការវិនិយោគផ្នែកឧស្សាហកម្មឲ្យកាន់តែច្រើនក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច។

សម្តេច​នាយក​រដ្ឋមន្រ្តី​បន្ត​ថា ​កម្ពុជា​បាន​ដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥​- ​២០២៥ ​ដែល​កំពុងតែ​ជំរុញ ​និង​ពង្រឹង​វិស័យ​ឧស្សាហ​កម្ម​ផ្សេង​ៗ​ទៀត ​ជាពិសេស​ឧស្សាហកម្ម​ដែល​មានស្រាប់​រួមផ្សំ​គ្នា ​ដើម្បី​ធ្វើ​យ៉ា​ណា​ជំរុញ​កម្ពុជា​ឲ្យ​រីកចម្រើន​ឆាប់រហ័ស​លឿនទៅមុខ​។

លោក ​Li ​Qun ​Jin ​បាន​លើក​ឡើ​ថា ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​សក្តា​នុ​ពល​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​។ ​ការ​អភិវឌ្ឍ​ដែល​ប្រកបដោយ​ភាព​រស់រវើក ​គឺ​ពិតជា​ជំរុញ​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​រីក​លូតលាស់​ទៅមុខ ​ដែល​នឹង​ធ្វើឲ្យ​ជីវភាពរស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់​ល្អ​ប្រសើរ​។ ​លោក ​Li ​Qun ​Jin ​រីករាយ​ខ្លាំង​ណាស់ ​ដែល​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ដឹកនាំ​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ឆ្នាំនេះ​៕